ភ្នំពេញ ៖ ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នងមូលដ្ឋានខណ្ឌដង្កោ ធ្វើឡើងជារៀងរាល់សប្តាហ៍គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។ ដោយឡែកការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងខែកក្កដា ឆ្នាំ២០១៧ សង្កេតឃើញថា ពុំមានបទល្មើសគ្រឿងញៀនឆ្លងកាត់នោះ បានន័យថា គឺមានការថមថយចុះ។ នេះបើការអះអាងពីមន្ត្រីដឹកនាំគោលដៅរបស់សាលាខណ្ឌដង្កោកាលពីយប់ថ្ងៃទី២ ខែសីហានេះ។
លោក ម៉ក់ ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោបានប្រាប់ថា កម្លាំងចូលរួមមាន៥០នាក់ នគរបាលខណ្ឌ១៥នាក់ កងរាជអាវុធហត្ថខណ្ឌ១២ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ២៣នាក់។ ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំឲ្យមានប្រសិទិ្ធភាពខ្ពស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងយោងតាមស្មារតីក្នុងអង្គប្រជុំប្រចាំខែគឺលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដាក់បទបញ្ជាឲ្យមានការដាក់គោលដៅឆែកឆេរនៅលើដងផ្លូវជាប្រចាំដើម្បីទប់ស្កាត់បទល្មើស និង ជាពិសេសបទល្មើសគ្រឿងញៀន។
លោកនាយករដ្ឋបាលបន្តថា ដោយឡែកនៅក្នុងខែកក្កដានេះ សង្កេតឃើញថា ពុំឃើញមានបទល្មើសគ្រឿងញៀនឆ្លងកាត់ទៀតទេ ហើយក៏មិនមែនសំដៅតែលើបទល្មើសគ្រឿងញៀនប៉ុណ្ណោះទេ គឺបានត្រួតពិនិត្យទៅលើបទល្មើសចរាចរណ៍ផងដែរ៕ តាឡឹម