ភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចមានភារកិច្ចត្រូវតែបង្ក្រាប ឫទប់ស្កាត់រាល់បទល្មើស បនល្បែងស៊ីសង បញ្ហា គ្រឿងញៀនក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ។ ប្រសិនបើមិនបានយកចិត្តទុកដាក់អនុវត្តន៍ ពោលគឹប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសផ្ទុយពីបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជានិងដាក់ចេញមកថ្មីៗនេះ វាមិនខុសអ្វីជាស្នូល ក្នុងការចូលរួមបង្កើតឲ្យមានបទល្មើសដូចជា ៖ ចោរលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាច្រើនទៀត កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
ជាក់ស្តែងកន្លងមកនេះ ប្រជាពលរដ្ឋបានលើកឡើងយ៉ាងដូច្នេះថា ពួកគាត់បានឃើញល្បែងកត់ឆ្នោត ដែលមាន ២ទីតាំង ដ៏ធំនិងដុះស្លែយូរមកហើយ ស្ថិតនៅផ្លូវលេខ៣៨០និងផ្លូវជាប់ជិតកន្លែងផ្ញើម៉ូតូផ្សារបឹងកេងកងតែម្តង ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋនេះដែរ លោក គុល ផាត់ នាយប៉ុស្តិ៍បឹងកេងកង១បានប្រាប់អង្គភាពនគរ ដ្រេហ្គនឲ្យដឹងថា «លោកមិនដឹងទេ ពីទីតាំងខាងលើនេះ sic!!» ។ យ៉ាងណាប្រជាពលរដ្ឋនៅតែអះអាងថា ទីតាំង ខាងលើនេះ ពិតជាបង្កប់ល្បែងកត់ឆ្នោតខុសច្បាប់ ហើយបើកលេងជាយូរឆ្នាំមកហើយ ពោលគឺបានចាក់គ្រឹះដុះ ឬសយ៉ាងជ្រៅទៅហើយ ។ កន្លងមកគេឃើញសមត្ថកិច្ចចុះមកញឹកញាប់ ប៉ុន្តែគ្រាន់តែជាសកម្មភាពហែកប្រយោជន៍គ្នាស៊ី តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរង់ចាំមើល ថាតើគណៈបញ្ជាការឯកភាពខណ្ឌចំការមន អាចសម្រេចផែនការភូមិសង្កាត់មានសុវត្ថិភាពបានដែរឬអត់? ខណៈរាល់ការប្រជុំម្តងៗសាលារាជធានីភ្នំពេញ តែងតែលើកអំពីវិធានការណ៍បង្ក្រាប និងលុបបំបាត់ បនល្បែង ក៏ដូចជាបញ្ហាគ្រឿងញៀននេះជាហូរហែ ៕ ស រស្មី