ខេត្តក្រចេះ៖ រថយន្តយីឌុបដឹកឈើរបស់លោកឧកញ៉ា តុប វីដា ចំនួនពីរគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សម្រេចដោះលេងទៅវិញ ក្រោយពីចាប់ឃាត់ បានមួយរយៈខ្លី ក្រោមហេតុផលថា រថយន្តដឹកឈើទាំងពីរគ្រឿងនេះ ដឹកមិនលើសច្បាប់ ដែលបានកំណត់ នៅក្នុងលិខិតដឹកជញ្ជូន ។
យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចកម្លាំងជំនាញ រដ្ឋបាល ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ ក្រោម ការដឹកនាំដោយលោក ធុច បញ្ជៈសន្តិភាព ព្រះរាជអាជ្ញាររងខេត្ត បានសម្រេចឃាត់រថយន្តទាំងពីរគ្រឿងនេះ កាលពីព្រឹកថ្ងៃទី២ខែសីហា នៅលើផ្លូវជាតិលេខ៧៦ ក្បែរព្រំប្រទល់ខេត្តមណ្ឌលគិរី ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ រួចមក គេសង្កេតឃើញ លោកឧកញ៉ា តុប វីដា ដែលជាថៅកែឈើល្បីឈ្មោះ បានស្កាត់សុំជួប ថ្នាក់ដឹកនាំកំពូលៗក្នុងខេត្តក្រចេះ ដើម្បីសុំកិច្ចអន្តរាគមន៍ ។
ក្រោយពីស្កាត់ជួបមិនទាន់បានប៉ុន្មានម៉ោងផង រថយន្តដឹកឈើ របស់លោកឧកញ៉ា តុប វីដា ដែលសមត្ថកិច្ចសន្និដានថា ដឹកឈើលើសច្បាប់កំណត់ រហូតទៅដល់ជាង២០ម៉ែត្រគូបនោះ ត្រូវបានសម្រេចដោះលែងទៅវិញ នៅយប់ថ្ងៃដដែល ហើយការដោះលេងរថយន្តដឹកឈើនេះ ត្រូវបានគេនិយាយថា អាចមានការអន្តរាគមន៍ ពីថ្នាក់ដឹកនាំកំពូលៗ នៅក្នុងខេត្តក្រចេះនេះតែម្តង ។
ប្រភពបាននិយាយថា រថយន្តធុនយក្សពីរគ្រឿង របស់លោកឧកញ៉ា (តុប វីដា) ដែលមានផ្ទុកឈើពេញ ទ្រុង បានដឹកជញ្ជូនចេញពីក្រុមហ៊ុនវីនិយោគមួយមានមូលដ្ឋាននៅ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ហើយក៏ត្រូវបានសមត្ថកិច្ចស្រុកស្នួល ក្រោមការដឹកនាំ ពីសំណាក់លោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារង បានចាប់ឃាត់ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់លើចំនួនឈើពិតប្រាកដ បន្ទាប់ពីសង្ស័យថា ការដឹកជញ្ជូននេះគឺផ្ទុកលើសច្បាប់អនុញ្ញាតិដល់ទៅជាង២០មែត្រគូប។
សមត្ថកិច្ចនៅក្នុងស្រុកស្នួលបាននិយាយថា រថយន្តដឹកឈើរបស់លោកឧកញ៉ា (តុប វីដា) ទាំងពីរគ្រឿងនេះ បានអនុញ្ញាតិឲ្យដឹកជញ្ជូនឈើចេញពី រោងម៉ាស៊ីនកែច្នៃរបស់ក្រុមហ៊ុនយូនីហ្រ្គីនរីសស៍ ខូអិលធីឌី មានមូលដ្ឋាននៅស្រុក កោះញែក ខេត្តមណ្ឌលគីរី នាំទៅកាន់ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ចំនែកឯការដឹកជញ្ជូនគឺមានច្បាប់អនុញ្ញាតិត្រឹមតែ១៦មែត្រគូប ក្នុងមួយរថយន្ត ហើយឈើដែលត្រូវ ដឹកជាប្រភេទឈើអារលេខ១។ តែទោះយ៉ាងណាក្រោយពីចាប់ឃាត់និងមានការវាស់វែង លើទ្រុងរថយន្តទាំងពីរគ្រឿងនោះរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តទាំងពីរគ្រឿងនេះ អាចផ្ទុកឈើលើសច្បាប់កំណត់រហូតទៅដល់ជាង២០ម៉ែត្រគូប ។
ក្រោយពីសមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តទាំងពីរគ្រឿងនេះដឹកឈើលើសច្បាប់ហើយនោះ រថយន្តដឹកឈើនេះ ត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីរើវាស់វែងរកចំនួនពិតប្រាកដ ។ តែក្រោយពីមានការស្គាត់ជួបពីសំណាក់លោកឧកញ៉ា តុប វីដា ជាមួយថ្នាក់ដឹកនាំកំពូលៗក្នុងខេត្តរួចមក រថយន្តដឹកឈើទាំងពីរគ្រឿង ត្រូវបានដោះលេងទៅវិញភ្លាមៗ នៅយប់ថ្ងៃដដែលដោយមិនទាន់ទាំងបានរើវាស់វែងនោះនៅឡើយទេ ។
សេចក្តីរាយការណ៍ដដែលនោះឲ្យដឹងទៀតថា លោកឧកញ៉ា តុប វីដា បានធ្វើ់ការកាប់បំផ្លាញ នឹងដឹកជញ្ជូនឈើគ្រប់ប្រភេទ តាមព្រៃអភិរក្សខេត្តមណ្ឌលគីរី យកនាំចូលក្រុមហ៊ុនយូនីហ្រ្គីន ដើម្បីធ្វើជាឈើស្របច្បាប់ ។ ហើយការដឹកជញ្ជូន គឺបានធ្វើឡើងស្ទើរជាប្រចាំ ដោយមានឈើរាប់រយមែត្រគូបត្រូវបាន បានដឹកជញ្ជូននាំចេញ ឆ្ពោះចូលទៅព្រំដែនវៀតណាម តាមច្រករបៀងទន្លេចាម ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ក្រោមរូបភាពជាឈើមានច្បាប់ និងមិនបានដឹកជញ្ជូនយកទៅតាម គោលដៅដែលកំណត់នោះទេ៕ សហការី