លោកចេង មុនីរ៉ា ព្រមានចាត់វិធានការ ចៅសង្កាត់ណាដែលធ្វើអ្វីតាមអំពើចិត្ត

ចែករំលែក៖

ភ្នំពេញ : ដើម្បីពង្រឹងការងាររដ្ឋបាលនៅតាមសង្កាត់អោយស្របទៅតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលទើបចូលកាន់តំណែងបាន១សប្តាហ៍ បានព្រមានចាត់វិធានការទៅលើចៅសង្កាត់ណាដែលធ្វើអ្វីតាមតែអំពើរមិនគោរពតាមលក្ខន្តិកៈច្បាប់និងគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃដែលបានកំណត់ពិសេសមិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចៅសង្កាត់នោះនឹងត្រូវចាត់ការទៅតាមផ្លូវច្បាប់ ។

ការថ្លែងព្រមានធ្ងន់ៗ ពីសំណាក់លោកអភិបាលខណ្ឌ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាវេលាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីសំណាក់លោកអធិការ មេបញ្ជាការអាវុហត្ថ ចៅសង្កាត់ទាំង៨ និងមន្ត្រីចំណុះជំនាញជាច្រៀនទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលខណ្ឌ បានស្តីបន្ទោសធ្ងន់ៗ ចំពោះចៅសង្កាត់ព្រែកប្រាទើបឡើងថ្មី លោកឃិន សុខហៀង ចំពោះសកម្មភាពយកធុងហិបមូលនិធិ ដាក់ក្នុងសាលាសង្កាត់ ក្នុងគោលបំណងរៃអង្គាសលុយពីពលរដ្ឋ ដែលបានទៅបំពេញឯកសារ ឬ ទៅរកការធ្វើសេវាសាធារណះផ្សេងៗនៅទីនោះ ។ ដែលការធ្វើបែបនេះ គឺជាកាធ្វើខុសផ្ទុយនឹងច្បាប់ដែលបានចែង ព្រោះថា កន្លែងផ្តល់ ឬបម្រើសេវាសាធារណះ គឺជាកន្លែងដែលធ្វើឯកសារពាក់ព័ន្ធផ្សេងៗជូនពលរដ្ឋដោយមិនគិតពីកម្រៃជាថ្នូរ ក្រៅពីឯកសារណាដែលបានចុះបញ្ជីរអន្តរក្រសួង ដែលតម្រូវអោយពលរដ្ឋត្រូវបង់ជូនតាមច្បាប់កំណត់ប៉ុណ្ណោះ ។ ដូច្នេះហើយ ទង្វើរបស់លោកចៅសង្កាត់ គឺធ្វើល្មើសនឹងច្បាប់របស់រដ្ឋ ។

លោកអភិបាលខណ្ឌបានបន្ថែមថា ចៅសង្កាត់ទាំងអស់គ្មានសិទ្ធិជ្រើសរើសយកកម្លាំង ឬមនុស្សមកបម្រើការងារក្នុងឋានានុក្រមខ្លួនដោយចិត្តឯងបានឡើយ គឺត្រូវសម្រេចដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកជ្រើសរើស ឬចាត់តាំងតែប៉ុណ្ណោះ ។ ក្នុងនោះដែរ ប្រសិនបើរដ្ឋបាលខណ្ឌច្បារអំពៅរកឃើញថា ចៅសង្កាត់ណាដែលធ្វើអ្វីល្មើសទៅនឹងច្បាប់ដែលបានកំណត់ ពិសេសល្មើសតាមការរៀបរាប់ខាងលើ ចៅសង្កាត់នោះនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ជាក់ជាមិនខាន ។

ថ្លែងក្នុងកិច្ចប្រជុំដដែល លោកអភិបាល ក៏បានធ្វើការស្នើដល់ចៅសង្កាត់ទាំង៨ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាប លើបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលចំណុចទាំងអស់នេះ ជាស្នូលនៃការបង្កើតអោយមានបទល្មើសលួច ឆក់ ប្លន់ និងសកម្មភាពអសន្តិសុខផ្សេងៗជាច្រើនទៀត កើតមាននៅក្នុងមូលដ្ឋាន ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print