ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល រថយន្តទំនើបពីរគ្រឿងបានបើកប្រដេញគ្នាតាមដងផ្លូវ ក្រឡឹងជុំវិញខេត្តកំពង់ឆ្នាំង ដែលម្នាក់ៗអាងអំណាចរៀងៗខ្លួន ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ។
យុវជនជាមុខសញ្ញាដែលត្រូវចាប់ខ្លួននេះឈ្មោះ ឃាម បញ្ញា អាយុ២១ឆ្នាំ មានមុខរបរជាជាងជួសជុលទូរស័ព្ទ និង មានទីលំនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង។ ការចាប់ខ្លួនយុវជនម្នាក់នេះគឺមន្ត្រីអាវុធហត្ថអនុវត្តតាមដីកាបញ្ជាអោយចាប់ខ្លួនលេខ៣០/១១ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១១ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី សំណាង ក្រោយពីជននេះត្រូវបានតុលាការកឃើញកំហុស ហើយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៣ឆ្នាំ ពីបទលួច ប្រព្រឹតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១០ តាមមាត្រា៣៥៧នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពេលឃាត់ខ្លួនកម្លាំងអាវុធហត្ថបាននាំយុវជននោះ និង រថយន្តស៊េរីទំនើបមួយគ្រឿងរបស់បងស្រីគេ ដែលបានដឹកយុវជននោះរត់គេចពីកាចាប់ខ្លួនពេញក្រុងកំពង់ឆ្នាំង មកកាន់ទីបញ្ញាការដ្ឋានកងឬាជអាវុធហត្ថខេត្ត ហើយឆែកឆេររកឃើញអាវយោធាមួយ មានពាក់សក្តិ៣ និង ស្រោមកាំភ្លើងខ្លីមួយផងដែរ ។
យុវជនដែលត្រូវឃាត់ខ្លួននោះ ក៍ត្រូវដោះលែងវិញបន្ទាប់ពីត្រូវបានរកឃើញថា មានដីកាបញ្ឈប់អោយចាប់ខ្លួន កាលពីខែមិថុនា ឆ្នាំ២០១១ ៕
ដោយ៖ ចន្ថា