ភ្នំពេញ៖ មន្ត្រីតុលាការថ្នាក់ជាតិដែលជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងប្រធាន អនុប្រធាននៃអង្គភាពរដ្ឋបាលនៃសាលាជំនុំជម្រះក្តីគ្រប់ជាន់ថ្នាក់នៅកម្ពុជាចំនួនជាង ៥០ នាក់ បានធ្វើទស្សនកិច្ចសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០១៥ ដើម្បីស្វែងយល់អំពីដំណើរការកិច្ចការរដ្ឋបាល ក៏ដូចជាការអនុវត្តច្បាប់នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជា (អ.វ.ត.ក)។ ដំណើរទស្សនកិច្ចនេះត្រូវបានសហការរៀបចំដោយ អ.វ.ត.ក និងក្រសួងយុត្តិធម៌។
នៅក្នុងរយៈពេលមួយថ្ងៃនៃដំណើរទស្សនកិច្ចសិក្សានេះ មន្ត្រីរដ្ឋបាលមកពីតុលាការថ្នាក់ជាតិគ្រប់ជាន់ថ្នាក់ បានឃើញផ្ទាល់អំពីការអនុវត្តការងាររដ្ឋបាល ជាក់ស្តែងនៅ អ.វ.ត.ក តាមរយៈការធ្វើបទបង្ហាញនានាអំពីឧបករណ៍សម្រេចការងារនិងរបៀបបំពេញការងារជាក់ស្តែងដែលអង្គភាពនានាក្រោមចំណុះការិយាល័យរដ្ឋបាលបាននិងកំពុងធ្វើក្នុងនោះមានការចែករំលែកបទពិសោធពីការិយាល័យរដ្ឋបាល ផ្នែកគ្រប់គ្រងតុលាការ ផ្នែកថវិកា និងហិរញ្ញវត្ថុ ផ្នែកព័ត៌មានវិទ្យានិងផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ព្រមទាំងបានចូលរួមស្តាប់ដំណើរការសវនាការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន របស់អង្គជំនុំជម្រះសាលាដំបូងផងដែរ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអ.វ.ត.ក បានមានប្រសាសន៍ថាការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម បានបង្ហាញនូវបទពិសោធដ៏មានសារៈសំខាន់នានា ទាក់ទងនឹងដំណើរការរដ្ឋបាល ដោយ លោកបានគូសបញ្ជាក់ថា៖«ផ្នែករដ្ឋបាលរបស់ អ.វ.ត.ក មានតួនាទីជាអ្នកសម្របសម្រួល គាំទ្រ និងផ្តល់សេវាកម្មចាំបាច់ដល់អង្គជំនុំជម្រះ ការិយាល័យសហចៅក្រមស៊ើបអង្កេត និង ការិយាល័យសហព្រះរាជអាជ្ញា។ ផ្នែករដ្ឋបាលក៏មានតួនាទីជាអ្នកតំណាងឲ្យតុលាការក្នុងកិច្ចការទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅផងដែរ»។
លោក ក្រាញ់ តូនី បានថ្លែងថា៖«អ្វីដែលបានអនុវត្តនៅក្នុងផ្នែករដ្ឋបាល អ.វ.ត.ក ដូចជាការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិកគឺជាបទពិសោធថ្មីមួយសម្រាប់ប្រព័ន្ធតុលាកាកម្ពុជា។ ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធព័ត៌មានវិទ្យានេះអនុញ្ញាតឱ្យគ្រប់ភាគីទាំងអស់នៃសំណុំរឿងអាចងាយស្រួលក្នុងការចូលពិនិត្យមើលសំ ណុំរឿង និងមិនបាត់បង់សំណុំរឿងដែលកិច្ចការនេះដើម្បីឆ្លើយតបនឹងការបម្រើសេវាយុត្តិធម៌ឱ្យមានប្រសិទ្ធភាព និងតម្លាភាពស្រប តាមនិយាមយុត្តិធម៌អន្តរជាតិ»។
ប្រធានការិយាល័យរដ្ឋបាលស្តីទី អ.វ.ត.ក លោកក្រាញ់ តូនី ក៏បានថ្លែងថាលោកសង្ឃឹមថាមន្ត្រីរដ្ឋបាលរបស់តុលាការគ្រប់ជាន់ថ្នាក់នឹងអាចទាញបទពិសោធល្អៗពីការអនុវត្តនៅ អ.វ.ត.ក ដែលបានបង្ហាញឡើងដោយអង្គភាពនានារបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះ ហើយអាចជាជំនួយដល់ការអនុវត្តក្នុងតុលាការជាតិបានតាមដំណាក់កាលរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានប្រកាសបើកចំហរឱ្យមាន កិច្ចសហប្រតិបត្តិការរបៀបនេះបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមន្ត្រីតុលាការ និងអ្នកអនុវត្តច្បាប់ផ្សេងទៀតអាចមកសិក្សានិងដកបទពិសោធពីសាលាក្តីខ្មែរក្រហម ដោយលោកបានថ្លែងថា បទពិសោធល្អនៅសាលាក្តីចម្រុះនេះ នឹងចូលរួមចំណែកក្នុងការកសាងសមត្ថភាពមន្ត្រីតុលាការ ក៏ដូចជាចូលរួមក្នុងកិច្ចការកំណែទម្រង់លើប្រព័ន្ធតុលាការផងដែរ ៕