លោក​ ញិក​ ប៊ុន​ឆៃ​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​

ចែករំលែក៖

ភ្នំពេញ​៖លោក​ ញិក​ ប៊ុន​ឆៃ​ អតីត​មាន​ងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ ខែ​សីហា​នេះ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ លោក​ ញិក​ ប៊ុន​ឆៃ​ អាយុ​៥៩ឆ្នាំ​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន​ និង​ បទ​នាំ​ចូល​សារធាតុ​ញៀន​សម្រាប់​ផ្សំ​គ្រឿងញៀន​ តាម​មាត្រា​២៩នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​៣៨.១ថ្មី​ ចំណុច​ទី​៤​ និង​ មាត្រា​៣២.១ថ្មី​ ចំណុច​៤-ង​ នៃ​ច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ឆ្នាំ​២០០៥​ ។

លោក ញិក​ ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញិក​ ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញិក​ ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញិក​ ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញិក​ ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print