ធូរស្រាល​វិញ​ !​ អគ្គនាយកដ្ឋាន​ពន្ធដារ​និង​គណៈមេធាវី​ ស្នើ​ឲ្យ​បញ្ចប់​វិវាទ​រវាង​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ជាមួយ​មេធាវី​ ដោយ​សន្តិវិធី​និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់​បំផុត​​

ចែករំលែក៖

ភ្នំពេញ​៖កិច្ចប្រជុំ​រវាង​លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​ គណៈមេធាវី​ នៅ​ថ្ងៃទី​៧​ ខែ​សីហា​ ​ គឺ​ បាន​សម្រេច​នូវ​ផ្លែផ្កា​មួយចំនួន​ ដូចជា​ អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រេច​ពន្យារ​ការ​​ចេញ​លិខិត​អញ្ជើញ​ការិយាល័យ​មេធាវី​ មក​ចុះ​បញ្ជី​ពន្ធ​នៅ​គ្រប់​សាខា​ពន្ធដារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​គណៈមេធាវី​ បាន​ឯកភាព​គ្នា​ចាត់​ទុក​វិវាទ​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ជា​វិវាទ​បុគ្គល​ផ្ទាល់​ ដោយ​ស្នើ​សុំ​ឲ្យ​ភាគី​ទាំងពីរ​បញ្ចប់​វិវាទ​ដោយ​សន្តិវិធី​ និង​ យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់​បំផុត​ ។

កិច្ចប្រជុំ​នៅ​ថ្ងៃទី​៧​ ខែ​សីហា​ នេះ​ គឺ​ ភាគី​អគ្គនាយកដ្ឋាន​ពន្ធដារ​ រួម​មាន​លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​ សហការី​ ។​ ចំណែក​ខាង​គណៈមេធាវី​ រួម​មាន​ លោក​មេធាវី​ សួន​ វិសាល​ ប្រធាន​គណៈ​មេធាវី​ លោក​មេធាវី​ យឹម​ សារី​ អ្នក​នាំពាក្យ​គណៈមេធាវី​ និង​ លោក​មេធាវី​ លីវ​ សុវណ្ណា​ សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា​ លទ្ធផល​នៃ​ជំនួប​នេះ​ រួមមាន​ លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឯកភាព​ទាំង​ស្រុង​ក្នុង​ការ​ពន្យារ​ការ​ចេញ​លិខិត​អញ្ជើញ​ការិយាល័យ​មេធាវី​ ក្រុម​មេធាវី​ និង​ ក្រុមហ៊ុន​មេធាវី​ មក​ចុះ​បញ្ជី​ពន្ធ​នៅ​គ្រប់​សាខា​ពន្ធដារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ឯកភាព​ទទួល​យក​សំណើ​របស់​មេធាវី​ និង​ ផលវិបាក​ពាក់ព័ន្ធ​ក្នុង​ការ​បង់​ពន្ធរបស់​មេធាវី​ដាក់​ជូន​លោក​ អូន​ ព័ន្ធ​មុនីរ័ត្ន​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​រក​ដំណោះស្រាយ​តាម​នីតិវិធី​ ។

អគ្គនាយកដ្ឋាន​គាំទ្រ​និង​ទទួល​យក​សំណើ​របស់​គណៈមេធាវី​ ក្នុង​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រសួង​យុត្តិធម៌​ និង​ គណៈមេធាវី​ ដើម្បី​តាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​របស់​មេធាវី​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​ពិនិត្យ​និង​សម្រេច​ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ ដដែល​ បន្ត​ថា​ ចំពោះ​បញ្ហា​សំណេរ​តាម​ហ្វេសប៊ុក​របស់​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ វិញ​ អគ្គនាយកដ្ឋាន​ពន្ធដារ​និង​គណៈមេធាវី​ ឯកភាព​ចាត់​ទុក​ថា​ ​ជា​រឿង​របស់​បុគ្គល​ វ៉ាន់​ ពុទ្ធិ​ពល​ ផ្ទាល់​ ។​ ថ្នាក់​ដឹកនាំ​ស្ថាប័ន​ទាំង​ពីរ​ស្នើ​សុំ​ ឲ្យ​ភាគី​ទាំងពីរ​បញ្ចប់​វិវាទ​ដោយ​សន្តិវិធី​និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់​បំផុត​ ។

គួរ​រំលឹក​ថា​ ក្រោយ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ នៅ​ថ្ងៃ​ទី​០៥​ ខែ​សីហា​ គណៈកម្មការ​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បន្ត​នីតិវិធី​ករណី​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ អគ្គនាយក​រង​ពន្ធដារ​ ដែល​ប្រមាថ​​ថា​ មេធាវី​ជា​សត្វ​គោ​ ។

លោក​ យឹម​ សារី​ អ្នក​នាំពាក្យ​គណៈមេធាវី​ ថ្លែង​ប្រាប់​ ថា​ ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ដោះស្រាយ​វិវាទ​បុគ្គល​ឯកជន​ ដែល​ប្រមាថ​មើល​ងាយ​ដល់​មេធាវី​ រួម​មាន​ លោក​មេធាវី​ សួន​ វិសាល​ ប្រធាន​គណៈ​មេធាវី​ ជា​ប្រធាន​គណៈកម្មការ​ និង​ លោក​មេធាវី​ ជូ​ ចាន់​ធារ៉ា​ លោក​មេធាវី​ សាំង​ វណ្ណះ​ លោក​មេធាវី​ ឈី​ សម្បត្តិ​ និង​ លោក​មេធាវី​ លឹម​ ច័ន្ទ​លីដា​ ជា​សមាជិក​គណៈកម្មការ​ ។

លោក​ យឹម​ សារី​ បន្ត​ថា​ គណៈមេធាវី​មាន​គោល​ជំហរ​យ៉ាង​មុតមាំ​ ដើម្បី​ការពារ​ផល​ប្រយោជន៍​វិជ្ជាជីវៈ​ មិន​អាច​ឲ្យ​នរណា​ប្រមាថ​មើល​ងាយ​ ទោះ​តាម​វិធី​ណា​ក៏​ដោយ​ ហើយ​គណៈមេធាវី​ មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ប្រើ​ពាក្យ​មិន​មាន​សីលធម៌​ និង​ មិន​ទទួល​ខុស​ត្រូវ​នេះ​ឡើយ​ ។

កាលពីល្ងាច​​ថ្ងៃទី​០​៤​ ខែ​សីហា​ លោក​មេធាវី​ លី​ ច័ន្ទ​តុលា​ តំណាង​មេធាវី​ជាង​៥០នាក់​ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​លោក​ វ៉ាន់​ ពុទ្ធិ​ពល​ ផងដែរ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print