ខេត្តរតនគិរី៖ សកម្មភាពដឹកជញ្ជូនឈើប្រណីត តាមរថយន្តទំនើបៗបាននិងកំពុងកក្រើកឡើងវិញឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិឡំ ឃុំប៉កញ៉ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងរដូវធ្លាក់ភ្លៀងនេះយ៉ាងសម្រុកផងដែរ បើទោះជាមានការជាប់ផុង ផ្លូវរអិលលំបាកក្នុងការធ្វើមធ្យោបាយដឹកបទល្មើសព្រៃឈើក៏ដោយ ក៏សកម្មភាពនេះ បានដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ។
បើតាមការអះអាងពីអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ឈ្មួញឈើនៅទីនោះ មួយចំនួនជាសាច់ញាតិរបស់លោក នួន សុវណ្ណា មេបញ្ជាការវរៈការពារព្រំដែនលេខ៦២៣ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរីដឹកឈើឆ្លងទៅវៀតណាមតាមអំពើចិត្ត ខណៈលោកនួន សុវណ្ណា កំពុងប្រឹងទាញយកប្រយោជន៍ពីបទល្មើសទាំងនេះ ។
ពាក់ព័ន្ធនឹងបទល្មើសឈើឆ្លងកាត់ ច្រករបៀងភ្នំក្រហម លោក នួន សុវណ្ណា បានប្រាប់នគរវត្តតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ថា «មិនមានការដឹកឈើស្អីទៀតទេ ខ្ញុំឈប់ហើយ ដូច្នេះកុំច្រឡំថា ច្រកនេះមានឈើចេញ»។ ដោយឡែក លោកងួន គឿន ស្នងការនគរបាលខេត្តរតនគិរី តាមទូរស័ព្ទជាមួយនគរវត្តនាព្រឹកថ្ងៃដដែលនេះ លោកមានប្រសាសន៍យ៉ាងដូច្នេះថា «នៅច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិឡំ ខ្ញុំមិនទាន់ដឹងនៅឡើយទេ ថា មានបទល្មើសឈើឆ្លងកាត់ ប៉ុន្តែខ្ញុំនឹងតាមដាន ដាក់កម្លាំងឃ្លាំមើល ។ លោកស្នងការបន្តថា ពេលនេះខ្ញុំកំពុងមានភារកិច្ចនៅរាជធានីភ្នំពេញ ហើយនឹងចាត់ការក្នុងរឿងនេះ»។
លោកវង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានប្រាប់នគរវត្តឲ្យដឹងផងដែរថា ខ្ញុំបានឃើញរឿងនេះដែរ តាមរយៈកាសែតចុះថ្ងៃមុន ហើយខ្ញុំក៏បានឲ្យមន្ត្រីជំនាញត្រួតពិនិត្យតាមដានក្នុងរឿងនេះ ដោយយកចិត្តទុកដាក់ ។ លោកនាយខណ្ឌបន្តថា បើតាមខ្ញុំដឹងនៅពេលនេះគឺស្ងាត់ លែងមានការលួចដឹកជញ្ជូនទៀតហើយ ។
ប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ស្របពេលដែលរដូវទឹកភ្លៀងបានធ្លាក់ ពួកគាត់បានឃើញរថយន្តដឹកឈើប្រណីតជាច្រើនបានជាប់ផុងតកន្ទុយគ្នា ក្នុងនោះម្ចាស់ឈើជាសមត្ថកិច្ចក្នុងអង្គភាពច្រករបៀងភ្នំក្រហម និងមួយចំនួនទៀតគឺជាសាច់ញាតិរបស់លោក នួន សុវណ្ណា ដូចជារថយន្តធុនដ្រា ពណ៌ស ផ្ទុកឈើប្រណីតធ្នង់ ជាប់ផុងកណ្តាលផ្លូវនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2M-7663 ពិតជាមានការជួយអន្តរាគមន៍សណ្តោងពីក្រុមសមត្ថកិច្ចគ្រប់គ្រងនៅទីនោះថែមទៀត ។
អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ពួកគាត់រំពឹងថា អាជ្ញាធរខេត្តអាចនឹងមានវិធានការទប់ស្កាត់ចំពោះបទល្មើសទាំងនេះ ពីព្រោះមិនត្រឹមតែការដឹកជញ្ជូនដោយការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ពួកគេបានបំផ្លាញផ្លូវក្នុងភូមិយ៉ាងធ្ងន់ បន្ទាប់ពីច្រករបៀងទាំងនេះ ត្រូវបានក្រុមហ៊ុន៧២ របស់វៀតណាមដែលវិនិយោគដាំដំណាំឧស្សាហកម្មកៅស៊ូអនុញ្ញាតឲ្យឆ្លងកាត់នោះ ។
គួររំលឹកថា ថ្មីៗកន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នត្រូវចូលរួមបង្ក្រាបនូវសកម្មភាពកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើខុសច្បាប់ដោយយកចិត្តទុកដាក់ ឲ្យខាងតែបាន ប៉ុន្តែនៅច្រករបៀងភ្នំក្រហម បែរជាមានសមត្ថកិច្ចក្នុងតួនាទីភារកិច្ចចូលរួមបង្ក្រាបបទល្មើសព្រៃឈើ ក៏ដូចជាសហការជាមួយជំនាញមានចេតនារកស៊ីបទល្មើសនេះទៅវិញ? ដូច្នេះ គួរណាស់តែលោកស្នងការដាក់ភាពសង្ស័យ ឬជាកម្មវត្ថុណាមួយក្នុងការស៊ើបអង្កេតថា តើបទល្មើសដែលកំពុងអនុញ្ញាតឲ្យឈើចេញទៅវៀតណាម តាមច្រករបៀងភ្នំក្រហមកើតឡើងដោយបុគ្គល នួន សុវណ្ណា ឬអំពើពុករលួយកើតឡើងជាលក្ខណៈ ៕
ដោយ៖ សុខ ខេមរា