ភ្នំពេញ៖ បុរសម្នាក់ដែលជារត់ម៉ូតូឌុបបានអង្គុយចាំម៉ូយហើយត្រូវបានក្រុមកម្មករសំណង់មួយក្រុមមានគ្នាជាង១០នាក់ បាននាំគ្នាយកដំបងនិងអ្នកខ្លះយកដំឥដ្ឋបានដេញវាយបណ្តាលឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូត្រូវក្រុមបង្កវាយម៉ូតូរងការខូចខាតស្ទើទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៧ ខែតុលាឆ្នាំ២០១៥ នៅចំណុចមុខភោជនីយ៍ដ្ឋាន ភេជ្ជះ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ផាត់ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអន្សោម ឃុំអន្សោម ស្រុកកំពុងត្របែក ខេត្តព្រៃវែង ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលពេលកើតហេតុគេបានឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ2W-0571 បានដឹកម៉ូយម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានឈប់ម៉ូតូចាំស្ត្រីម្នាក់ដែលជាអ្នកជិះម៉ូតូឌុបនោះក៏បានឡើងទៅលើផ្ទះប្អូនដើម្បីទៅយកប្អូនម្នាក់ទៀត ភ្លាមនោះស្រាប់តែមានក្រុមកម្មករសំណងមានគ្នាជាង១០ ប្រដាប់ដោយដំបងគ្រប់ដៃ ហើយបានដើរមកបម្រុងវាយធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ត្រូវក្រុមបង្កវាយម៉ូតូបណ្តាលឲ្យរងការខូចខាតស្ទើទាំងស្រុង ហើយបានយកម៉ូតូចូលក្នុងការដ្ឋានបាត់ ។
បើតាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដឹកស្ត្រីម្នាក់ចេញពីផ្សារជម្ពូវ័ន ដោយបំណងទៅមន្ទីរពេទ្យព្រះកុសុមះ ក្នុុងតំលៃ២ម៉ឺនរៀល បន្ទាប់ស្រ្តីម្នាក់នោះបានអោយរូបគាត់ឈប់ចាំគាត់បន្តិចព្រោះចាំយកក្មួយម្នាក់ទៀត ខណៈកំពុងតែឈប់ម៉ូតូអង្គុយលេងស្រាប់តែក្រុមកម្មករសំណងមានគ្នាជាង១០នាក់បានយកដំបងនិងដំឥដ្ឋមកដេញវាយរូបគេទាំងរូបគាត់ស្រែកប្រាប់ថាជាអ្នករត់ម៉ូតូឌុបក៏ដោយ ។ ដោយឃើញដូចនោះរូបគាត់បានរត់ចោលម៉ូតូនិងត្រូវក្រុមទាំងនោះវាយត្រូវ២ដំបងផងដែរ ចំណែកម៉ូូតូខ្ទិចស្ទើទាំងស្រុង។
សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងហៅមេការដ្ឋានសំណងដើម្បីធ្វើការដោះស្រាយ។ ក្រោយពេលកើតហេតុម្ចាស់ការដ្ឋានសំណង បានចេញមុខមកដោះស្រាយដោយហៅក្រុមបង្ក២នាក់យកមកសួរនាំនិងធ្វើកិច្ចសន្យា ។ ចំណែកម៉ូតូម្ចាស់ការដ្ឋានសំណងបានចេញថ្លៃខូចខាតចំនួន៤០០ដុល្លារដើម្បីបញ្ជាប់រឿងដោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ៕
ដោយ៖ សុខា សែនជ័យ
...