តុលាការ​ចោទប្រកាន់​ ជនសង្ស័យ​ដែលសម្លាប់សង្សារនៅផ្ទះសំណាក់ “មុនីកា”​ ពី​បទ​ឃាតកម្ម​

ចែករំលែក៖

ភ្នំពេញ​៖លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៩​ ខែ​សីហា​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​សម្លាប់សង្សារនៅផ្ទះសំណាក់ “មុនីកា”​ក្នុងខណ្ឌចំការមន។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​”តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ ជនត្រូវចោទ​ ។

សូមបញ្ជាក់ថា ជនសង្ស័យ​សារភាពថា ខ្លួនមានឈ្មោះ ខន ឡា អាយុ១៩ឆ្នាំ ជាសង្សាររបស់នារីរងគ្រោះ និងមានមុខរបរ ជាកូនជាងអគ្គិសនី នៃការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានហើយ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យ​ បានប្រាប់ថា រូបខ្លួននិងជនរងគ្រោះបានស្គាល់គ្នា ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧​ តាម​រយៈ​ហ្វេសប៊ុក ដែលកាលនោះរូបខ្លួនកំពុងធ្វើការ នៅខេត្តកោះកុងនៅឡើយ ក្រោមមកខ្លួនក៏ផ្លាស់មកធ្វើការនៅភ្នំពេញ និងធ្លាប់ណាត់ជួបជនរងគ្រោះដើរលេង ជាមួយគ្នាតាមមាត់ទន្លេចំនួន២ដងមកហើយ ដោយ ជនរងគ្រោះជាអ្នកយកម៉ូតូមកទទួលខ្លួន។

យោងតាមការរៀបរាប់របស់ជនសង្ស័យខាងលើ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល០៩៖២៥នាទី រូបខ្លួនបាន លួងលោមជនរងគ្រោះចូលផ្ទះសំណាក់ ដើម្បីរួមរ័ក្ស នៅវេលាម៉ោងប្រហែល១៥៖៣០នាទី ខ្លួនបានបបួលជនរងគ្រោះឲ្យទៅផ្ទះខ្លួន នៅឯស្រុក ក្នុងខេត្តកំពត តែជនរងគ្រោះ មិនព្រមទៅជាមួយទេ ដោយនាងឆ្លើយថា រូបនាងជិតរៀបការហើយ ឮដូច្នោះទើបធ្វើឲ្យខ្លួនខឹងយ៉ាងខ្លាំងក៌ធ្វើសកម្មភាព ច្របាច់កសម្លាប់ស្រ្តី រងគ្រោះតែម្តង។

បន្ទាប់ពីសម្លាប់រួច ខ្លួនក៌ប្រមូលយកលុយចំនួន៦០ដុល្លារ សោម៉ូតូម៉ាស់មុខនិងមួក របស់ជន រងគ្រោះរួចចេញពីបន្ទប់ចុះមកខាងក្រោម ហើយជិះម៉ូតូ របស់ជនរងគ្រោះឆ្ពោះទៅស្រុកកំណើត ក្នុងខេត្តកំពតតែម្តង។

ក្រោយមកវេលាម៉ោងប្រហែល៥ល្ងាច អ្នកសំអាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទប់ចំហចោល ក៏បានហៅសួរ តែពេលនោះនារីគ្រោះមិនក្រោក ធ្វើឲ្យអ្នកសំអាតផ្ទះសំណាក់ចូលទៅដាស តែពេលនោះនារី រងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ហើយអ្នកសំអាតផ្ទះសំណាក់ខាងលើ ក៏បានរត់ទៅប្រាប់ ថៅកែរាយការណ៍បន្តទៅសមត្ថកិច្ច ហើយអាវុធហត្ថខណ្ឌចំការមន និងកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់រហូតឈានដល់ ការឃាត់ខ្លួនឃាតករបានតែម្តង។

ការឃាត់ខ្លួនឃាតករ រូបនេះធ្វើឡើង ក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្រោយធ្វើការស៊ើបអង្កេត ស្រាវជ្រាវប្រមូលវត្ថុតាង និងសាកសួរសាក្សី រកឃើញអត្តសញ្ញាណជនរងគ្រោះ មានឈ្មោះកាត់ថា អ.ស.ខ អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ព្រមជាមួយគ្នានោះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានកំណត់មុខ សញ្ញាឃាតករ អាចជាសង្សាររបស់ជនរងគ្រោះ តែមិនស្គាល់អត្តសញ្ញាណ ហើយក៏បានកំណត់គោលដៅជនសង្ស័យ រត់ទៅលាក់ខ្លួន ក្នុងខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ សមត្ថកិច្ចអាវុធហត្ថក៏បានចុះស៊ើបអង្កេតតាមដាន និងតាមប្រម៉ាញ់ជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់ទីតាំងឃាតកច្បាស់ថា កំពុងលាក់ខ្លួន នៅចំណុចភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ទើប កម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាវុធហត្ថ ខេត្តកំពតធ្វើការឃាត់ខ្លួន ឃាតកបានតែម្តង៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print