ខេត្ដពោធិ៍សាត់៖ កម្លាំងមន្ដ្រីរដ្ឋ បាលព្រៃឈើផ្នែកសង្កាត់ អាវុធហត្ថ យោធាចុះបង្ក្រាបឈើប្រណីត ប៉ុន្ដែត្រូវ បរាជ័យដោយសារបក្ខពួកឈ្មួញឈើ ឈ្មោះ សេន ចង់បង្ក្រាបសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចក្បែរ ផ្ទះឈ្មោះ សេន ស្ថិតក្នុងភូមិដង្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្ដ ពោធិ៍សាត់ ។
ប្រភពនានាជុំវិញកន្លែងកើតហេតុឱ្យដឹងថាគេឃើញក្រុមសមត្ថកិច្ចមន្ដ្រីរដ្ឋបាលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើក្រគរ សង្កាត់រដ្ឋបាលព្រៃឈើតុំ អាវុធហត្ថ យោធាបានចុះទៅបង្ក្រាបរថយន្ដម៉ាក នីសាន់១គ្រឿងដែលផ្ទុកឈើប្រណីតពេញ និងគំនរឈើជាច្រើនទៀតត្រង់ចំណុច ខាងលើ ។ ប៉ុន្ដែប្រតិបត្ដិការនេះគេឃើញ សមត្ថកិច្ចរត់បាតជើងសព្រាត ដោយ សារក្រុមបក្ខពួកឈ្មួញរកស៊ីឈើយ៉ាង ច្រើននិងឈ្មោះ សេន ដែលមានទីលំនៅ ភូមិ-ឃុំ ខាងលើនាំគ្នាឡោមព័ទ្ធសមត្ថ កិច្ចហើយបានកាប់កង់រថយន្ដបំបែកនិងទាញឈើទម្លាក់ចូលទឹកស្រះដើម្បីបំបិទវត្ថុតាងពីភ្នែកសមត្ថកិច្ចទៀតផង ។ ដូច្នេះ ប្រតិបត្ដិការនេះត្រូវបរាជ័យទាំងស្រុង ខណៈក្រុមបក្ខពួករបស់ឈ្មួញឈ្មោះ សេន ឈើធ្វើសកម្មភាពវាយបកមកលើសមត្ថកិច្ច ហើយសមត្ថកិច្ចមិនចង់តបតបង្ខំ ចិត្ដដកថយធ្វើឱ្យច្របូកច្របល់ពេញ ស្រុកក្រគរ ។
លោក ឯម រុន អធិការនគរបាលស្រុក ក្រគរបានឱ្យដឹងតាមទូរស័ព្ទថា ហេតុ ការណ៍ខាងលើនេះកើតមានពិតមែន ប៉ុន្ដែរហូតមកដល់ព្រឹកថ្ងៃទី៧ ខែតុលា ពុំទាន់មានព័ត៌មានលម្អិតនៅឡើយទេ ដោយឋិតក្នុងការស្រាវជ្រាវ ព្រោះ សមត្ថកិច្ចខាងលើមិនបានសហការជាមួយកម្លាំងរបស់លោកនោះឡើយ ។
ដោយឡែកលោក ប៉ុល ចន្ថា នាយ ផ្នែករដ្ឋបាលព្រៃឈើក្រគរបានឱ្យដឹង តាមទូរស័ព្ទបែបលាក់បាំងដែរថា ប្រតិប ត្ដិការបង្ក្រាបខាងលើនេះត្រូវបរាជ័យ ខណៈក្រុមបក្ខពួកបទល្មើសឈ្មោះ សេន មានការឡោមព័ទនិងធ្វើសកម្មភាព រារាំងមកលើសមត្ថកិច្ច ។
មតិមហាជនបានរិះគន់ដល់ក្រុម សមត្ថកិច្ចពាក់ព័ន្ធក្នុងហេតុការណ៍ខាង លើនេះ ហើយដាក់ជាសំណួរថា តើសមត្ថ កិច្ចទាំងនោះម្ដេចក៏អន់ម្ល៉េះ ? ឬក៏មាន ជាប់ពាក់ព័ន្ធអ្វី? បានជាឃើញបទល្មើស ជាក់ស្ដែងហើយបង្ក្រាបមិនជោគជ័យ? បែរជាឱ្យជនល្មើសរំដោះយកវត្ថុតាង បានដោយងាយៗបែបនេះ ? ដូច្នេះបញ្ហា ខាងលើនេះគេរង់ចាំមើលសមត្ថកិច្ច មានចំណាត់ការលើក្រុមឈ្មួញឈើឈ្មោះ សេន នេះយ៉ាងម៉េច ? ៕
ដោយ៖ ប៉ឹម ពិន