ខេត្តព្រៃវែង៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ដ៏កក្រើក និងបានជាប់គុកជាច្រើនលើកសឹងតែក្លាយជាផ្ទះទៅហើយនោះ ។
កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនបាន នៅចំណុចភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះខែ អុល ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្ដឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ រួមនឹងបក្ខពួកជាច្រើននាក់ គឺជាចោរប្លន់ដ៏សកម្ម និងបានធ្វើសកម្មភាពបាញ់ប្លន់ប្រជាពលរដ្ឋជាច្រើនដងកាលពីពេលកន្លងមក។ ក្រោយពីជននេះបានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ កាលពីឆ្នាំ២០១៣ កន្លងទៅ សមត្ថកិច្ចបានបន្ដការតាមដានមុខសញ្ញារហូតមក ទើបចាប់បាននៅយប់ថ្ងៃទី៨ ខែតុលា។
ក្រោយការចាប់ខ្លួន មុខសញ្ញាមេក្លោងចោរប្លន់រូបនេះ ត្រូវបាននាំខ្លួន ទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ វិបុល