ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃព្រហស្បត្ត៏ទី១១ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ឧត្តមសេនីយ៏ត្រី សែវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រុងស្រុកជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំបានចូលរួមកាន់បិណ្ឌវេណទី១១ នៅវត្តគគីស្ថិតក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងឧត្តមសេនីយ៍ត្រី សែវុទ្ធី បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាន នៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សីរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សែវុទ្ធីក៏បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេណទី១១ រួមមាន៖ អង្ករពីរបាវធំ មី១កេសធំ ត្រីខ១កេសធំ និងគ្រឿងឧបភោគបរិភោគព្រមទាំងថវិការចំនួន៩៣ម៉ីន៩២០០រៀល ដល់ព្រះគ្រូចៅអធិការវត្តគគីផងដែរ ៕
ដោយ៖ ឃឹម សុថាន