ខេត្តតាកែវ៖ ក្មេងស្រីអាយុ៣ឆ្នាំលោតទឹកប្រឡាយលេងពេលដែលអ៊ុំស្រីកំពុងបោកខោអាវស្រាប់តែរអិលជើងធ្លាក់ចូលទឹកជ្រៅស្លាប់យ៉ាងអណោចអាធម៍ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ស្ថិតនៅចំណុចភូមិរោងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
បើយោងតាមសម្ដីលោកឃុន យ៉ានអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកសំរោងបានអោយដឹងថានៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះអេង រដ្ឋា អាយុ៣ឆ្នាំរស់នៅភូមិឃុំកើតហេតុ បានមកលេងទឹកប្រឡាយជាមួយអ៊ុំស្រីឈ្មោះលាស់ ភារម្យអាយុ៣០ឆ្នាំដែលមកបោកខោអាវនៅចំណុចខាងលើ ។
លោកបានបន្ដទៀតថា នៅពេលអ៊ុំស្រីកំពុងបោកខោអាវក្មេងស្រីបានលោតទឹកលេងយ៉ាងសប្បាយមួយសន្ទុះក្រោយមកក៏ស្រាប់តែក្មេងស្រីរអិលជើងធ្លាក់ចូលរណ្ដៅជ្រៅឃើញអ៊ុំស្រីរូបនោះក៏ចុះទៅជួយក៏ស្រាប់តែលង់ទឹកស្លាប់ទាំងពីរនាក់តែម្ដង។
ក្រោយពេលកើតហេតុកម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យឃើញថាក្មេងស្រីនិងអ៊ុំស្រីខាងលើបានស្លាប់ដោយសារលង់ទឹកពិតមែន។ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឪពុកម្ដាយនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ជីសូរការ