ខេត្តបាត់ដំបង៖ ស្ត្រីទំនើងម្នាក់ដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួនរួចហើយនោះ។កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងចាប់បញ្ជូនទៅកាន់តុលាការហើយត្រូវបានតុលាកាបញ្ជាឱ្យឃុំឃាត់ខ្លួនបណ្តោះអា សន្នដើម្បីរង់ចាំបើកការស៊ើបង្កេតតាមនីតិវិធី ។
ស្ត្រីជាប់ចោទរូបនោះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចោទប្រកាន់ប្រព្រឹត្តបទល្មើសចំនួន២ចំណុច ១,ពីបទបើកបរបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃដោយចេតនា ហើយរត់គេចខ្លួន ២,ពីបទប្រមាថមកលើ សមត្ថកិច្ចកំពុងអនុវត្តច្បាប់។
ស្ត្រីជាប់ចោទឈ្មោះថា សូ ដាម៉ុន អាយុ៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន១ ប្រកបមុខរបរបើកហាងសំអាងការ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុសំពៅលូន ខេត្តបាត់ដំបង ត្រូវបាននគរបាលស្រុកសំពៅលូន ចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ B ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខណៈដែលស្ត្រីជាប់ចោទធ្វើដំណើរចេញពីប្រទេសថៃ ចូលមកដីខ្មែរវិញ ក្រោយពីរត់គេចខ្លួនទៅស្នាក់នៅក្នុងប្រទេសថៃមួយរយៈរួចហើយនោះ។
គួររំលឹកថាកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ត្រី ម្នាក់ដែលគេស្គាល់ថាឈ្មោះ សូ ដាម៉ុន បើករថយន្តទំនើបម៉ាកអូឌី១គ្រឿងពណ៌សពាក់ស្លាក លេខភ្នំពេញ ២AG ៧៥៧៦ ក្នុងស្ថានភាពស្រវឹង បានបើកបរបង្កគ្រោះថ្នាក់ទៅលើស្ត្រីម្នាក់កំពុងជិះកង់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅលើផ្លូវជាតិលេខ៥៩b ស្ថិតនៅចំណុចត្រាវជូ ក្នុងភូមិអូរចំណិត ឃុំតាស្តា ស្រុកសំពៅលូន ។នៅពេលកើតហេតុគេឃើញនគរបាលម្នាក់បានទៅសួរនាំ ហើយក៏ត្រូវបានស្ត្រី ឈ្មោះ សូ ដាម៉ុន ជេរប្រមាថមើលងាយមកលើនគរបាលរូបនោះកំពុងតែបំពេញភារកិច្ចយ៉ាងចាស់ដៃ បង្កឱ្យមានការភ្ញាក់ផ្អើល។ស្ត្រីរូបនោះក្រោយពីបង្កហេតុដែលមានការអន្តរាគមន៍ បានបើករថយន្តបង្កយកមកលាក់ ទុកនៅផ្ទះបើកហាងសំអាងការរបស់ខ្លួន ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
ចំណែកស្ត្រីឈ្មោះ សូ ដាម៉ុន បានគេចខ្លួន ដោយអះអាងថាទៅព្យាបាលមុខរបួសនៅប្រទេសថៃ ។លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លោក ព្រះរាជងាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង និងលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងកណ្តាលព្រហ្មទណ្ឌ ខេត្តក៏បានដឹកនាំកម្លាំង ចុះទៅគាស់ទ្វារហាងហើយស្ទូចយករថយន្តបង្កម៉ាកអូឌីមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីទុកចាត់ការតាមផ្លូវច្បាប់។
ក្នុងអំឡុងដែលស្ត្រីជាប់ចោទរត់គេចខ្លួន អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិទទួលទិសយោធភូមិភាគ៤និងភូមិភាគ៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានចេញបទបញ្ជាឱ្យនគរបាលខេត្តបាត់ដំបង ត្រូវ ស្វែងរកចាប់ឃាត់ខ្លួន ស្ត្រីឈ្មោះ សូ ដាម៉ុន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យទាល់តែបាន។ស្ត្រីឈ្មោះ សូ ដាម៉ុន ក្រោយពីគេចខ្លួនមួយរយៈនៅក្នុងប្រទេសថៃលុះនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ធ្វើតាមចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ក៏ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនចាប់ឃាត់ខ្លួនបានតែម្តង៕
ដោយ៖ សំ វិច្ឆិកា