ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែតុលា ឆ្នាំ២០១៥ លោកនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជនមកពី៣ស្រុករបស់ខេត្តកណ្តាល គឺ ស្រុកមុខកំពូល ស្រុកល្វាឯម និង ស្រុកខ្សាច់ កណ្តាលចំនួនជាង៨រយនាក់។ ពិធីនេះបានប្រារព្ធធ្វើនៅស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពីសំណាក់ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជន ជូនចំពោះបងប្អូនកងកម្លាំងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលកន្លងមកបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ។
ដើម្បីចូលរួមនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌឆ្នាំនេះ លោកនាយឧត្តមសេនីយ៍ គន់ គីម និងលោក ម៉ៅ ភិរុណ ក្នុងនាមសម្តេចតេជោ ហ៊ុនសែន បានឧបត្ថម្ភបងប្អូនអតីតយុទ្ធជនចំនួន៨៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។
នៅក្នុងឱកាសនោះ តំណាងឲ្យកងកម្លាំងអតីតយុទ្ធជនមកពីស្រុកទាំង៣ នៅខេត្តកណ្តាលបានធ្វើការចាប់អារម្មណ៏ និងសម្តែងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារយុទ្ធជន ទាំងស្មារតី សម្ភារៈ និង ថវិកា ធ្វើឲ្យបងប្អូនមានភាពកក់ក្តៅក្នុងការកសាងជីវភាពគ្រួសារ ៕