ខេត្ដសៀមរាប៖ អ្នកភូមិប្រហែល៥០នាក់ តំណាងឲ្យពលរដ្ឋច្រើនរយគ្រួសារមកពីស្រុកអង្គរធំ និងស្រុកបន្ទាយស្រី ខេត្ដសៀមរាបបានប្រមូលផ្ដុំគ្នាដាក់ញត្ដិស្នើឲ្យអភិបាលខេត្ដនេះ ជួយដោះលែងពលរដ្ឋម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា កាប់រុករានដីព្រៃខុសច្បាប់។
ការប្រមូលផ្ដុំនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្បែរបងសាលាខេត្ដសៀមរាប ចាប់តាំងពីម៉ោង៨ព្រឹក ។
កាលពីថ្ងៃទី០៦ខែតុលា មន្ដ្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជាច្រើនរយនាក់ប្រដាប់ដោយអាវុធ បានចាប់ខ្លួនអ្នកភូមិម្នាក់ជាស្ដ្រីឈ្មោះ កី ប៉ឹប អាយុ៤៧ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ដោយចោទប្រកាន់ស្ដ្រីរូបនោះរស់នៅក្នុងព្រៃខុសច្បាប់។
តាមប្រភពពីប្រជាពលរដ្ឋនៅឃុំពាក់ស្នែង បានឲ្យដឹងនៅកន្លែងប្រមូលផ្ដុំក្បែសាលាខេត្ដថា ស្ដ្រីដែលតុលាការចាប់ឃុំខ្លួននោះ ជាទង្វើមួយអយុត្ថិធម៌ ព្រោះរួបគាត់បានរស់នៅនិងប្រកបរបរធ្វើស្រែចំការជាង១០ឆ្នាំមកហើយ មិនដែលមានសត្ថកិច្ចណាប្រាប់ថារស់នៅខុសច្បាប់នោះទេ។លោកបន្ដថា ការចាប់ខ្លួនស្ដ្រីនោះ ដោយសារអ្នកមានអំណាចប្ដឹងសមត្ថកិច្ចដើម្បីយកដីគាត់ប៉ុណ្ណោះ។ អ្នកភូមិដែលបញ្ជាក់ថា អ្នកប្ដឹងនោះ ឈ្មោះ ដូង ឌឹម និងឈ្មោះ អ៊ឹម សឿត ពួកគេចោទប្រកាន់ថារុករានដីព្រៃខុសច្បាប់។
ពលរដ្ឋដែលប្រមូលផ្ដុំគ្នា បានឲ្យដឹងប្រហាក់ប្រហែលគ្នាទៀតថា ការចាប់ខ្លួន អ្នកស្រី កី ប៉ឹប មិនបានប្រព្រឹត្ដដូចការចោទប្រកាន់ឡើយ ។ពួកគេបានបន្ដទៀតថា អ្នកដែលកាប់បំផ្លាញព្រៃគឺមន្ដ្រីសមត្ថកិច្ច និងអ្នកប្ដឹង មានឈ្មោះ ដូង ឌឹម និងអ៊ឹម សឿត នោះទេ ។ពួកគាត់ស្នើឲ្យអភិបាលខេត្ដ លោក ឃឹម ប៊ុនសុង ដោះលែងស្ដ្រីរូបនោះ ឲ្យមានសេរីភាពវិញ។
កាសែតនគរវត្ដមិនអាចទាក់ទងលោក ឃឹម ប៊ុនសុង អភិបាលខេត្ដ និងអ្នកនាំពាក្យសាលាខេត្ដសៀមរាប លោក ប៊ុន ថាឬទ្ធិ ដើម្បីសាកសួរពីបញ្ហានេះបានដែរ ដោយលោកទាំងពីរមិនលើកទូរស័ព្ទ។
ចំណែកមិនអាចទាក់ទង លោក ដូង ឌឹម និងឈ្មោះ អ៊ឹមសឿត ដែលអ្នកភូមិចោទប្រកាន់នោះ ក៍ មិនអាចទាក់ទងបានទេ ។ ប៉ុន្ដែបើតាមពលរដ្ឋឲ្យដឹងថា ញត្ដិដែលពួគាត់ដាក់ជួនអភិបាលខេត្ដនោះ មានអភិបាលខេត្ដរងម្នាក់ចេញមកទទួលហើយ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅឆ្នាំ២០០២ អ្នកភូមិទៅរស់នៅលើដីជម្លោះ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំចំនួន៥០គ្រួសារ និងឆ្នាំ២០០៧មានចំនួន២៧គ្រួសារ ប៉ុន្ដែត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បណ្ដេញចេញកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥៕
ដោយ៖ ជានិរន្ដរ៍