ព័ត៌មានលម្អិត ៖ មនុស្សក្មេងចាស់ប្រុសស្រី៧នាក់ ស្លាប់១នាក់ និងមានអាការៈពុលធ្ងន់ស្រាល៦នាក់ ក្រោយទទួលទានត្រីក្រពត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្សមួយគ្រួសារ៧នាក់ក្មេងចាស់ប្រុសស្រីបានស្លាប់១នាក់និងមានអាការៈពុលធ្ងន់ស្រាល៦នាក់ក្រោយពួកគេទទួលទានត្រីក្រពតរួចហើយនោះ។ការស្លាប់និងមានអាការៈពុលក្អួតចង្អោរត្រូវគេដាក់ការសង្ស័យបណ្តាលមកពីពុលត្រីក្រពត។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះប្រាប់ឱ្យដឹងថា៖ជនរងគ្រោះទាំង៧នាក់រងការពុលមានឈ្មោះ ១,ចាន់ ប៊ុនលឿន ភេទប្រុស អាយុ៣០ឆ្នាំ ស្លាប់ ២,ចាន់ វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ ពុលធ្ងន់ ៣,គូ ទីប ភេទស្រី អាយុ៥១ឆ្នាំ ពុលធ្ងន់ ៤,ជួន ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ៥,ចាន់ រាត្រី ភេទស្រី អាយុ១២ឆ្នាំ ៦,ផាន់ សុផាត ភេទប្រុស អាយុ១៤ឆ្នាំ និង៧,ផាន់ រ័ត្ន ភេទប្រុស អាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៤នាក់រងការពុលស្រាល ជនរងគ្រោះរស់នៅភូមិ ស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ជួន ចាន់ ប្រាប់ឱ្យដឹងថា៖ មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៦ ខែសីហា ក្មួយរបស់គាត់ឈ្មោះចាន់ ប៊ុនលឿន ដែលស្លាប់ គេបានទៅដាក់ទ្រូក្នុងបឹងក្បែរភូមិ បានត្រីក្រពតជាច្រើនក្បាល ហើយក្មួយរូបនោះក៏យកត្រីក្រពតទាំងនោះមកឱ្យប្រពន្ធប្រឡាក់យកមកហាលឱ្យក្រៀម ហើយនៅល្ងាចថ្ងៃដដែលពួកគាត់ក៏ នាំគ្នា អាំងត្រីក្រពតនោះក្លែមនិងស្រាស។ផឹកស្រាសមានគ្នាតែ៤នាក់ប៉ុណ្ណោះជាមនុស្សចាស់ចំណែកក្មេងដែលត្រូវក្មួយ៣នាក់ទៀតមិនបានផឹកស្រានោះទេគ្រាន់តែទទួលទានតែត្រីក្រពតប៉ុណ្ណោះ។

ជនរងគ្រោះប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលទានត្រីក្រពតមានរយៈពេល២ទៅ៣ម៉ោងក្រោយមក ពួកគាត់ទាំងនោះ៧នាក់ក៏ចាប់ផ្តើមស្ពឹកដៃស្ពឹកជើង និងវិលមុខ ក៏នាំគ្នាសម្ងំដេក ហើយមួយសន្ទុះទៀតនោះក៏មានអាការៈក្អួតចង្អោរស្រាលនិងធ្ងន់ក្នុងចំណោមជនរងគ្រោះទាំង៧នាក់ពុលធ្ងន់៣នាក់ស្រាល៤នាក់។ខណៈនោះទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិទំបាននាក់ទំនងរថយន្តពេទ្យស្រុកព្រះនេត្រព្រះ ដឹកជនរងគ្រោះទាំង៧នាក់មកកាន់មន្ទីរពេទ្យនៅក្រុងសិរីសោភ័ណ។លុះធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវនៅវេលាយប់អធ្រាត្រជនរងគ្រោះឈ្មោះ ចាន់ ប៊ុនលឿន ក៏បានស្លាប់។ចំណែក៦នាក់ទៀតដឹកបញ្ជូនយកមកសង្រ្គោះជីវិតនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ ជនរងគ្រោះទាំង៦នាក់នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ត្រូវបានគ្រូពេទ្យជួយសង្រ្គោះគេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតរួចហើយ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនរងគ្រោះស្លាប់បានទទួលទានត្រីក្រពត ប្រហែល២០ក្បាល ចំណែកមនុស្សចាស់៣នាក់ទៀតខ្លះទទួលទានត្រីក្រពតអស់ ៧ទៅ៨ក្បាល និងក្មេងប្រុសស្រី៣នាក់ទទួលទាន២ទៅ៣ ក្បាល។ ពីមុនមកពួកគាត់ធ្លាប់ទទួលទានត្រីក្រពតនោះដែរប៉ុន្តែជាប្រភេទត្រីក្រពតភ្នែកខ្មៅគ្មានបញ្ហាអ្វីនោះទេ។លុះនៅថ្ងៃកើតហេតុខាងលើពួកគាត់ទទួលទានត្រីក្រពតភ្នែកក្រហមក៏មានបញ្ហាពុលកើតឡើងតែម្តង។

សេចក្តីរាយការណ៍ឱ្យដឹងថាករណីដែលមានការសង្ស័យពុលត្រីក្រពតខាងលើសមត្ថកិច្ចនិងមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print