ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជា ឲ្យក្រុមហ៊ុនប៊ូយ៉ុង ដែលម៉ៅការធ្វើការដ្ឋាន សំណង់ខុនដូ ផ្ទះល្វែង ស្ថិតនៅសង្កាត់ទឹក ថ្លា ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមាន ការបាក់ដីបង្កហានិភ័យនៅការដ្ឋានសំណង់កំពុងជីកគ្រឹះគ្មានបច្ចេកទេសបែបនេះបន្ត ទៀត បើមិនដូច្នេះទេវានឹងឈានដល់បាក់ ផ្តាច់ផ្លូវសហព័ន្ធរុស្សុីដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាជធានីភ្នំពេញ ព្រោះជាផ្លូវអន្តរជាតិយ៉ាងសំខាន់តភ្ជាប់ពីអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញមកភ្នំពេញ ។
ការដាក់បញ្ជាជាបន្ទាន់របស់លោក ឃួង ស្រេងនេះធ្វើឡើង កាលពីព្រឹកថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៧ ខណៈលោក ឃួង ស្រេង ទទួលបានព័ត៌មានថា ការដ្ឋាននេះបានបាក់ដីជិតដល់ផ្លូវកៅស៊ូសហព័ន្ធ រុស្សុី ក្នុងសង្កាត់ទឹកថ្លា ហើយលោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះ បញ្ជាផ្ទាល់ចុះត្រួតពិនិត្យទីតាំងបាក់ដីនៅផ្លូវសហព័ន្ធរុស្សុី របស់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុងនេះ ។
ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែង លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនប៊ូយ៉ុង ដែលជាអ្នកម៉ៅការ សាងសង់នេះ ត្រូវតែចាត់វិធានការបច្ចេកទេសជាបន្ទាន់ ដើម្បីទប់ស្កាត់ការបាក់ដីឲ្យ ទាល់តែបាន និងឲ្យក្រុមហ៊ុនធ្វើការងារទាំងយប់ទាំងថ្ងៃ ពោលគឺសម្រាប់នៅល្ងាចនេះត្រូវតែទប់ដីបាក់នេះឲ្យបាននិងបន្តការបុកសុីផាយឲ្យបានរឹងមាំនៅផ្នែកខាងផ្លូវសហព័ន្ធរុស្សុីនេះ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ បន្ថែមថា ក្រុមហ៊ុនប៊ូយ៉ុងដែលកំពុងសាង សង់ការដ្ឋាននេះ ត្រូវធ្វើយ៉ាងណា ទប់ស្កាត់តាមលក្ខណៈបច្ចេកទេស ដើម្បីកុំឲ្យផ្លូវ សហព័ន្ធរុស្ស៊ីជួបការរងគ្រោះដោយមហន្តរាយប្រេះបាក់ស្រុតបន្ថែមពីលើនេះទៀត ។
លោកស្នើឲ្យក្រុមហ៊ុនត្រូវតែបន្ថែម គ្រឿងចក្រហើយមន្ទីរសាធារណការនិងដឹកជញ្ជូន នឹងយកម៉ាស៊ីនបុកស៊ីផាយមក ជួយដល់ក្រុមហ៊ុនប៊ូយ៉ុងភ្លាមៗ ។ ក្រុមហ៊ុនប៊ូយ៉ុងជីកដីនេះគឺខុសលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនមិននឹកស្មាន ថាដីនេះបាក់ស្រុតនោះទេ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន ធ្វើ ស្រាប់តែបាក់ស្រុតដីមួយ ចំណែកធំ ហើយអាចបង្កគ្រោះមហន្តរាយដល់រាជធានីភ្នំពេញ ។ ដូច្នេះហើយក្នុងនាមអាជ្ញាធរ រាជធានីភ្នំពេញ ត្រូវតែជួយអន្តរាគមន៍ដល់ក្រុមហ៊ុន ដោយដាក់គ្រឿងចក្រគ្រប់ប្រភេទរបស់មន្ទីរសាធារណការនិងក្រុមហ៊ុនធ្វើ យ៉ាងណាទប់ជើងទេរនិងបុកស៊ីផាយឲ្យបានរឹងមាំ។
លោកបានបន្ថែមថា អាជ្ញាធររាជធានី នឹងត្រួតពិនិត្យច្បាប់សាងសង់របស់ក្រុមហ៊ុនប៊ូយ៉ុងនេះឡើងវិញថាតើក្រុមហ៊ុន សាងសង់របៀបម៉េច? ធ្វើរបៀបម៉េច? ក្នុងបទដ្ឋានដែលក្រសួងបានអនុញ្ញាតច្បាប់ ត្រូវអនុវត្តច្បាប់បានត្រឹមត្រូវរបស់ក្រសួងសាមីដែរឬអត់? ហើយករណីនេះត្រូវតែ សិក្សាតាមក្រោយ ប៉ុន្តែនៅចំពោះមុខយើងត្រូវធ្វើយ៉ាងទប់ស្កាត់កុំឲ្យមានគ្រោះមហន្តរាយកុំឲ្យមានការបាក់ស្រុតផ្លូវសហព័ន្ធ រុស្ស៊ី និងជាពិសេសគ្រោះថ្នាក់ដល់ប្រជាពល រដ្ឋ និងអ្នកដំណើរ ភ្ញៀវជាតិ អន្តរជាតិ ។
លោក ឃួង ស្រេងបានបន្តទៀតថា ក្នុង នាមរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលពិតជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការលើកទឹកចិត្តចំពោះអ្នក វិនិយោគទុនបរទេស ប៉ុន្តែដូចជាករណីខាងលើនេះក្រុមហ៊ុនត្រូវ តែយកចិត្តទុកដាក់គិតគូរពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផង មិនអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ សាធារណៈផ្តើមពីការធ្វេសប្រហែសនោះទេ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញ ការការជំរុញ និងបញ្ជាពីអាជ្ញាធររាជធានីភ្នំពេញនេះខាងក្រុមហ៊ុនបានទទួលយកនិងអនុវត្តឲ្យមានប្រសិទ្ធភាពនិងទាន់ពេល វេលាដោយមិនឲ្យហេតុការណ៍នេះកើត មានបន្តទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុនប៊ូយ៉ុងដែលគេ ស្គាល់ថាជាក្រុមហ៊ុនសំណង់របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខបានចាប់ផ្តើមបើកការដ្ឋានជីកដីធ្វើ ចំណតយានយន្តជាច្រើនឆ្នាំហើយ ហើយ កាលពីល្ងាចថ្ងៃអាទិត្យទី១៣ សីហា ឆ្នាំ២០១៧ កន្លងទៅ ខណៈមានភ្លៀងធ្លាក់ខ្លាំងក៏ស្រាប់តែការដ្ឋានមួយនេះបាក់ដីនិងរបងការដ្ឋានជាច្រើនម៉ែត្រចូលទៅក្នុងការ ដ្ឋានតែម្តងហើយអាចនឹងមានការបាក់រហូតដល់ផ្លូវសហព័ន្ធរុស្សុីបន្ថែមទៀត បើមិន មានវិធានការទាន់ពេលវេលា ៕ សំរិត