ភ្នំពេញ៖ លោក ជា ពៅ គ្រូបង្វឹក ក្រុមជម្រើជាតិកីឡាវាយកូនបាល់កម្ពុជា បានឱ្យដឹងកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅទីលានវាយកូនបាល់ថា កីឡាករកីឡាការិនីវាយកូនបាល់៣នាក់ ត្រៀមចេញទៅចូលរួមប្រកួតក្នុងព្រឹត្ដិ ការណ៍ WTA បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ហើយពួកគេនឹងចេញដំណើរនៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៥ ទៅប្រទេសសិង្ហបុរី។
លោក ជា ពៅ គ្រូបង្ហាត់កីឡាវាយ កូនបាល់ជម្រើសជាតិកម្ពុជាមាន ប្រសាសន៍ថា ក្រោយចប់រដូវបុណ្យ ភ្ជុំបិណ្ឌកីឡាករឈ្មោះ ឈៀង វណ្ណសក្ដិ អាយុក្រោម១៨ឆ្នាំ ស្ថិតក្នុងក្រុមជម្រើស ជាតិ ចំណែកឯកីឡាការិនី២នាក់ទៀត ពួកគេត្រូវបានជ្រើសចេញពីអង្គការ កុមារកំព្រាចំនួន២ គឺកីឡាការិនី ហូ ស្រីណុច មកពីមជ្ឈមណ្ឌលកុមារកំព្រា អារុណរះ និងកីឡាការិនី ហួរ ស្រីពៅ មកពី មជ្ឈមណ្ឌលកុមារកំព្រាបឹងខ្យាង យុវតីទាំង២នាក់នេះមានអាយុក្រោម ១៦ឆ្នាំដូចគ្នាបានមកហ្វឹកហាត់កីឡាវាយ កូនបាល់ចាប់តាំងពីអាយុ១២ឆ្នាំម្ល៉េះ ។
ចំពោះការហ្វឹកហាត់ត្រៀមមុនចេញ ទៅចូលរួមប្រកួតកីឡាវាយកូនបាល់ ខាងលើនេះ លោក ជា ពៅ ពុំទាន់ប្រាកដ ថា មានអត្ដពលិកប៉ុន្មាននាក់ចូលរួម ប្រកួតក្នុងព្រឹត្ដិការណ៍ WTA នៅឡើយ ប៉ុន្ដែលោកអះអាងថា យ៉ាងហោចណាស់ ក៏មានប្រទេសជាង១០ដែរដែលបាន ដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍អន្ដរជាតិប្រចាំឆ្នាំ២០១៥ដ៏ធំដែលរៀបចំដោយប្រទេសសិង្ហបុរីនោះ ។
គ្រូបង្វឹករូបនេះបានបន្ដទៀតថា នៅ ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមលក្ខណៈ ចេញទៅប្រកួតនៅប្រទេសសិង្ហបុរីនេះ កីឡាករកីឡាការិនីទាំង៣នាក់ត្រូវបានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាយកមកហ្វឹកហ្វឺននៅលើទីលានស្ដង់ដារ របស់សហព័ន្ធដែលមានទីតាំង ស្ថិត នៅខាងជើងអាងហែលទឹក ដោយក្នុង ម្នាក់ហាត់រយៈពេល៣ថ្ងៃក្នុង១សបា្ដហ៍ ៕
ដោយ៖ សារីម