បណ្តាញទូរទស្សន៍ pan Arab al-Mayadeen បានផ្សព្វផ្សាយថា កងទ័ពរដ្ឋាភិបាលប្រទេសស៊ីរី បានវាយប្រហារដណ្តើមគ្រប់គ្រងទឹកដីឡើងវិញក្នុងចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគកណ្តាលខេត្ត ហាម៉ាស ដែលទីតាំងនោះត្រូវគ្រប់គ្រងដោយក្រុមប្រឆាំងនាពេលកន្លងមក ។ កងទ័ពផ្ទាល់ដីស៊ីរីបានចាប់ផ្តើមវាយប្រហារកាលពីយប់ថ្ងៃទី៧ ខែតុលា ដោយមានការជួយឧបត្ថម្ភពីលើដែនអាកាសដោយកងទ័ពប្រទេសរុស្ស៊ីផងដែរ ។
ប្រភពព័ត៌មានខាងលើនេះបានបន្តថា ទឹកដីក្នុងចម្ងាយប្រមាណ៥០កីឡូម៉ែត្រទៀតកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Jaish al-Fateh ឬជាក្រុមប្រដាប់អាវុធ Conquer ជាសម្ពន្ធមួយរបស់សម្ពន្ធជាច្រើនទៀតរបស់ក្រុមជីហាដ ហើយដែលមានទំនាក់ទំនងយ៉ាងសកម្មជាមួយបណ្តាញភេរវកម្មអាល់កៃដា ។ ដោយឡែក ដែនដីប្រមាណ២០គីឡូម៉ែត្រទៀតកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមដទៃផ្សេងទៀត ។
ប្រភពព័ត៌មានពីកងកម្លាំងយោធាស៊ីរីបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួថា កងកម្លាំងទាហានរដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារផ្ទាល់ដីកាលពីវេលាព្រឹក ចូលទៅកាន់ទីតាំងប្រជុំជនរបស់ក្រុមឧទ្ទាម ស្ថិតនៅទីជនបទខេត្តហាម៉ា(Hama) ដោយមានការជួយជ្រោមជ្រែងពីដែនអាកាសកងទ័ពប្រទេសរុស្ស៊ី ។
ការវាយប្រហារដើម្បីដណ្តើមគ្រប់គ្រងទីតាំងខាងលើនេះធ្វើឡើងជាលើកដំបូងរបស់កងទ័ពកម្លាំងទាហានផ្ទាល់ដី ប្រទេសស៊ីរី ក្រោមការជួយគាំពារពីដែនអាកាសដោយកងកម្លាំងទាហានប្រទេសរុស្ស៊ី ។ កងកម្លាំងយោធាស៊ីរីបានសម្តែងការសង្ឃឹមទុកថា ដោយមានជំនួយពីលើដែនការពីកងកម្លាំងទាហានរុស្ស៊ី ពួកខ្លួនអាចនឹងរំដោះបានដែនពីតំបន់ ហាមា និងនៅភាគកណ្តាលខេត្ត Homs ពីកណ្តាប់ដៃក្រុមឧទ្ទាមជាក់ជាពុំខាន ។ ប្រតិបត្តិការសឹកសង្គ្រាមនេះផងដែរត្រូវគេរំពឹងថា កងកម្លាំងស៊ីរីនឹងរំដោះបានទឹកដីភាគច្រើនមកវិញ ពិសេសនៅតាមទីជនបទខេត្ត ហាមា ភាគពាយព្យតំបន់ Idlib ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីក្រុម Jaish al-Fateh នោះ ។
យន្តហោះចម្បាំងប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារពីលើដែនអាកាសកាលពីថ្ងៃពុធ ប្រឆាំងទៅលើទីតាំងក្រុមប្រឆាំងដែលគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងប្រទេសស៊ីរីនោះ ។ នេះជាសកម្មភាពលើកដំបូងរបស់កម្លាំងទាហានរុស្ស៊ីពាក់ព័ន្ធសង្គ្រាមប្រឆាំងក្រុមភេរវកម្មនៅក្នុងទឹកដីស៊ីរី ។
ទីភ្នាក់ងារស៊ីរី SANA បានផ្សព្វផ្សាយថា ប្រតិបតិ្តការពីលើដែនអាកាសរបស់យន្តហោះចម្បាំងប្រទេសរុស្ស៊ីនេះកើតឡើងបន្ទាប់ពីមានការស្នើសុំពីលោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ។ ទីក្រុងមូស្គូបានប្តេជ្ញាបន្តគាំទ្រ និងផ្តល់ជំនួយដល់ស៊ីរីដើម្បីប្រយុទ្ធប្រឆាំងទៅលើក្រុមភេរវកម្ម ស្របទៅតាមច្បាប់អន្តរជាតិ ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សកម្មភាពរបស់កម្លាំងយោធារុស្ស៊ីនេះបានធ្វើឲ្យអង្គការណាតូព្រួយបារម្ភយ៉ាងខ្លាំង និងបានស្នើឲ្យទាហានរុស្ស៊ីបញ្ឈប់ប្រតិបត្តិការតាមដែនអាកាសប្រឆាំងទៅលើក្រុមប្រឆាំង ដោយសារថា វាបានរងគ្រោះទៅដល់ជនស្លូតង្រង់ និងរំលោភចូលដែនអាកាសប្រទេសទួរគី ។
អង្គការណាតូ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពវាយប្រហារពីលើដែនអាកាសទៅលើក្រុមប្រឆាំង និងពលរដ្ឋស៊ីរី និងបានអះអាងថា ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ីដែលរំលោភទៅលើដែនអាកាសប្រទេសទួរគីនោះនឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងថែមទៀត ។
ប្រទេសទួរគីបានព្រមានទីក្រុងមូស្គូផងដែរថា ខ្លួននឹងអស់ការអត់ធ្មត់ប្រសិនបើយន្តហោះចម្បាំង F-16 របស់កម្លាំងទាហានរុស្ស៊ីរំលោភចូលដែនអាកាសទួរគីជាថ្មីម្តងទៀតស្ថិតនៅជាប់ព្រំដែនជាមួយស៊ីរីនោះ ។ ប្រភពព័ត៌មានពីយោធាទួរគីបានអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន២គ្រឿងទទួលរងការរំខានដោយយន្តហោះចម្បាំងប្រភេទ MIG-29 ដែលជាមិនហោះមិនដឹងថាមកពីខាងណានោះឡើយស្ថិតនៅតាមបន្ទាត់ព្រំដែនជាមួយស៊ីរីនោះ ។
ទួរគីជាប្រទេសដែលបញ្ជូនកម្លាំងយោធាច្រើនជាងគេលំដាប់លេខ២ បន្ទាប់ពីអាមេរិកឲ្យចូលរួមក្នុងប្រតិបត្តិការរបស់អង្គការណាតូ ។ នាយករដ្ឋមន្ត្រីទួរគី លោក Ahmet Davutoglu បានថ្លែងថា «កងកម្លាំងអនុវត្តច្បាប់របស់យើងដឹងយ៉ាងច្បាស់ណាស់ នរណាដែលរំលោភចូលដែនអាកាសរបស់យើងនោះ»។
លោកបន្តថា កងកម្លាំងទួរគីទទួលបានការណែនាំយ៉ាងច្បាស់លាស់នៅមុនពេលចេញប្រតិបត្តិការហោះល្បាត ហើយបើទោះជាស្ថិតក្នុងការហោះហើរល្បាតក៏ដោយ ប៉ុន្តែកម្លាំងរបស់យើងនៅតែអាចបាញ់ទម្លាក់យន្តហោះសត្រូវនោះដដែល ។ លោកបានប្រើពាក្យថា នេះជាវិបត្តិមួយរវាងទួរគី នឹងរុស្ស៊ីផងដែរ ។
យន្តហោះចម្បាំងរុស្ស៊ីមានវត្តមាននៅលើដែនអាកាសប្រទេសស៊ីរីតាំងពីថ្ងៃពុធ សប្តាហ៍មុនម្ល៉េះដើម្បីបើកការវាយប្រហារពីលើដែនអាកាស ដែលទីក្រុងមូស្គូអះអាងថា សំដៅវាយប្រហារទៅលើក្រុមរដ្ឋអិស្លាម IS ស្ថិតនៅក្នុងទឹកដីស៊ីរីភាគខាងជើង និងក្នុងខេត្តភាគកណ្តាលនោះ ។
លោកខាងលិចបានចោទប្រកាន់ទៅលើរុស្ស៊ីថា ជាអ្នកវាយឆ្មក់ទៅលើក្រុមប្រឆាំងក្នុងប្រទេសស៊ីរីដែលធ្វើសង្គ្រាមជាមួយកងកម្លាំងដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីរីបាសា អាល់អាសាដ ។ ក្រោយពីកោះប្រជុំបន្ទាន់រវាងសមាជិកទាំង២៨ប្រទេសនៃអង្គការណាតូនោះ សមន្ធមិត្តយោធាលោកខាងលិចរបស់អង្គការណាតូបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពវាយប្រហារពីលើដែនអាកាសទៅលើក្រុមប្រឆាំង និងប្រជាជនស៊ីវិលក្នុងប្រទេសស៊ីរីនោះជាបន្ទាន់ ។ ជាមួយគ្នានេះដែរ អង្គការណាតូក៏បានព្រមានពីការរំលោភដែនអាកាសទួរគីពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី ដោយបានហៅថា វាជាសកម្មភាពគ្រោះថ្នាក់ និងជាអាកប្បកិរិយាដែលគ្មានការទទួលខុសត្រូវនោះឡើយ ៕
Video: New Russian Airstrikes against ISIS Terrorists in Syria
ប្រែសម្រួល៖ ថាច់ យ៉ាត