អ្នកបើកបរថយន្តកុងតឺន័របង្កគ្រោះថ្នាក់ចរាចរផ្ទួនៗគ្នានៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាលៈ ជាកាកត់សំគាល់ ករណីគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាព្រួយបារម្ភគ្រប់ពេលវេលាដែលភាគច្រើនបទល្មើសគ្រោះថ្នាក់ចរាចរកើតឡើងដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរមានជាតិស្រវឹង បើកបរមិនប្រកាន់ស្តាំ មិនគោរពសិទ្ធជាអាទិភាព និងបើកបរលើសល្បឿនកំណត់ ចំនុចទាំងអស់នេះហើយគឺជាដើមចមនៃគ្រោះថ្នាក់ចរាចរ ។

ជាក់ស្តែងសប្តាហ៍កន្លងទៅនេះនៅលើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ កើតករណីគ្រោះថ្នាក់ចរាចរចំនួន២លើកបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័របើកមិនប្រយ័ត្នបណ្តាលអោយបុកចូលផ្ទះប្រជាពលរដ្ឋខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ប្រេះជញ្ជាំងផ្ទះ រងរបួសមនុស្ស២នាក់ បើគិតពីទំហ៊ំនៃការខូចខាតប្រមាណជាង៣ម៉ឺនដុល្លារ ។ ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នៅតំបន់ទីប្រជុំជនផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ។

២ថ្ងៃក្រោយមកនៅវេលាម៉ោង៥,៣០នាទីទាបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ អ្នកបើកបររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនសូងួន បានបង្កគ្រោះថ្នាក់ចរាចរដោយសារបើកបរមិនប្រយ័ត្នបានបុកពីក្រោយរថយន្តទួរីសដឹកសុទ្ធតែខ្យងនិងខ្ចៅយកទៅដាក់អោយម៉ូយ នៅចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ផ្លូវជាតិលេខ១ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បណ្តាលអោយរថយន្តទួរីសក្រឡាប់ធ្លាក់ចេញពីផ្លូវរងរបួសអ្នកបើកបរ ចំណែករថយន្តបង្កបត់ក្បាលមកក្រោយហើយធ្លាក់កុងតឺន័រមកលើផ្លូវជាតិផងដែរ ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា ជាការកត់សំគាល់របស់សមត្ថកិច្ចជំនាញគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ច្រើនជាងកត្តាផ្លូវថ្នល់ និងកត្តាមធ្យោបាយ ។ កត្តាមនុស្សគឺសំដៅទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរ មិនអធ្យាស្រ័យអោយគ្នាទៅវិញទៅមក បើកលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ប្រជែងក្នុងស្ថាភាពផ្លូវមានឧបសគ្គ ។

ដូចជាករណីគ្រោះថ្នាក់ចរាចរកាលពីពេលថ្មីៗនេះឥញ្ចឹង គឺបង្កឡើងដោយអ្នកបើកបររថយន្តកុងតឺន័របើកមិនប្រយ័ត្នបានបង្កគ្រោះថ្នាក់បុកចូលផ្ទះប្រជាពលរដ្ឋនៅផ្សាគគីរ ករណីមួយទៀតបើកហួសល្បឿនកំណត់បានទៅបុករថយន្តទួរីសពីក្រោយពេញទំហឹងក្រឡាប់ទាំងសង្ខាង ។ និយាយរួមសូមអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរទាំអស់គ្នាទើបបញ្ចៀសបានពីគ្រោះថ្នាក់ចរាចរ ។

ដោយសារតែគ្រោះថ្នាក់ចរាចរកើតឡើងផ្ទួនៗធ្វើអោយបរិវេណអធិការដ្ឋានរកកន្លែងរក្សាទុកមធ្យោបាយជាប់ពាក់ព័ន្ធបទល្មើសចរាចរស្ទើរមិនបាននោះ លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកបានថ្លែងអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរអោយបានគ្រប់គ្នា មួយផ្នែកទៀតសូមអោយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធំៗ ជាពិសេសម្ចាស់ក្រុមហ៊ុនរថយន្តកុងតឺន័រទាំងអស់ត្រូវធ្វើការណែនាំពីច្បាប់ចរាចរដល់អ្នកបើកបររថយន្តកុងតឺន័រ តម្រូវអោយមានប័ណ្ណបើកបរត្រឹមត្រូវ និងត្រូវមានការត្រួតពិនិត្យសុខភាពទៅលើអ្នកបើកបររថយន្តទើបកាត់បន្ថយបានពីគ្រោះថ្នសក់ចរាចរ ៕សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print