ខេត្តតាកែវ៖ បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងបានរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យឈ្លួកទឹកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃព្រហ្ម សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផាត់ គឹមសាន្ដ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិរោង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
យោងតាមសម្ដីលោក ឥន មណ្ឌល អធិការរង ទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរក្រុងដូនកែវបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់វី ពណ៍ខ្មៅសេរី២០១៣ ពាក់ស្លាកលេខ តាកែវ១G ២៧៩៧ បើកពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ២ លុះដល់ចំណុចខាងលើ ក៏រេចង្កូតធ្លាក់ចេញពីផ្លូវជាតិបណ្ដាលឲ្យធ្លាក់ប្រឡាយលង់ទឹកស្លាប់តែម្ដង។
លោកបានបន្ដទៀតថា ក្រោយពេលកើតហេតុ កម្លាំងរបស់លោកបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ជាលទ្ធផលគឺសពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារតែឈ្លួកទឹកពិតមែន ហើយមូលហេតុបណ្ដាលមកពីការស្រវឹងស្រាជោកជាំបាត់បង់ស្មារតី។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពត៕
ដោយ៖ ជីសូរកា