ខេត្តកណ្តាល៖ ចោរលួចកាច់.ក ម៉ូតូ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានក្រុមប្រជាពលរដ្ឋឡោមព័ទ្ធចាប់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចកាច់.កម៉ូតូរបស់ប្រជាពលរដ្ឋទុកនៅត្រង់ចំណុចទួលកំផ្លា ភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ។
កាលពីវេលាម៉ោង១៦ និង៤៥នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតបានយកម៉ូតូជនរងគ្រោះមួយគ្រឿងជិះគេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានប្រជាពលរដ្ឋចាប់បានហើយវាយទ្រោមខ្លួននោះមានឈ្មោះ អ៊ុក ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិថ្លាល ឃុំគោកព្រិញ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ម្នាក់ទៀតឈ្មោះ ហេង ណារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះមានឈ្មោះ ចា គី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្លាល ឃុំគោកព្រិញ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមានគ្នា២នាក់ទី១-ឈ្មោះ ជាង ឡា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរកាជន្លឹង មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល1K-0108 ទី២-ឈ្មោះ ណុន វណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងកាត់ដេរ មានទីលំនៅក្នុងភូមិរកាទី១ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខកណ្តាល1I-7512 (ដកហូតបានមកវិញ) ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូទៅមើលដំណាំស្រូវរបស់ខ្លួននៅត្រង់ចំណុចទួលកំផ្លា ស្ថិតក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ។ ពេលទៅដល់ជនរងគ្រោះបានចាក់សោរ.កត្រឹមត្រូវទើបដើរចុះទៅមើលស្រូវ ឱកាស់ល្អក្រុមជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពលួចកាច់.ក ម៉ូតូជនរងគ្រោះជិះចេញម្នាក់មួយ បន្ទាប់មកជនរងគ្រោះបានដឹង ក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងទៀតជួយព័ទ្ធស្ទាក់ រហូតឈានដល់ធ្វើការចាប់ខ្លួនបានជនសង្ស័យ២នាក់រួមជាមួយម៉ូតូ២គ្រឿង (មួយគ្រឿងរបស់ជនរងគ្រោះ-មួយគ្រឿងទៀតជាមធ្យោបាយជិះធ្វើសកម្មភាពរបស់ក្រុមជនសង្ស័យ)។ បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យរួចមក ក្រុមប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាស្វាគមន៍ជនសង្ស័យម្នាក់មួយដៃម្នាក់មួយជើងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កុំតែសមត្ថកិច្ចចូលទៅអន្តរាគមន៍ជនសង្ស័យប្រាកដជាស្លាប់ជាក់ជាមិនខាន ។
ដោយឡែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល1K-0108 ជារបស់ជនរងគ្រោះឈ្មោះ ជាង ឡា គេចខ្លួនបាត់ស្រមោល ។ ម៉ូតូដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពនោះម៉ាកNEWA ARTEAVសេរី២០១២ ពណ៌ខ្មៅ ប្រលិតនៅប្រទេសចិន ពាក់ស្លាកលេខព្រៃវែង 1A-1815 ។
ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុកខ្សាច់កណ្តាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ