កោះកុងៈ ពលរដ្ឋនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងបានត្អូញត្អែរថា សព្វថ្ងៃផ្លូវលំក្រាលគ្រួសក្រហមឆ្ពោះទៅកាន់ភូមិរបស់ពួកគាត់ ជួបការលំបាកជាខ្លាំង មិនត្រឹមតែប៉ុណ្ណេះ ស្ពានឈើចំនួន៤កន្លែង ដែលបច្ចុប្បន្នក៏ដូចជារយៈពេលកន្លងមក អាជ្ញាធរបានដាក់ឲ្យក្មួយលោកមេឃុំយកលុយ ក៏ត្រូវរងការខូចខាតឆ្លងទៅមកលែងកើតផងដែរ។
ពលរដ្ឋ បានលើកឡើងឲ្យដឹងថា ស្ពានឈើទាំងបួនកន្លែងខាងលើ ត្រូវតម្រូវឲ្យបង់លុយចំនួនពីររៀលក្នុងម៉ូតូឆ្លងកាត់មួយគ្រឿង រីឯបួនកន្លែងត្រូវបង់ប្រាក់ប្រាំបីពាន់រៀល តែនៅរដូវវស្សានេះ ពេលស្ពានខូចឆ្លងលែងកើត ឥតមានមុខអ្នកចេញមុខមកជួសជុលទេ ដែលជាប្រការមួយធ្វើឲ្យពួកគាត់មានការមិនសប្បាយចិត្តជាខ្លាំង និងបានសំណូមពរដល់លោកមេឃុំ និងលោកអភិបាលស្រុក ដែលអនុញ្ញាតឲ្យមានការយកលុយនោះចេញមុខមកធ្វើការជួសជុលផង ឲ្យពលរដ្ឋបានឆ្លងទៅមកផង។
ទាក់ទងនិងការត្អូញត្អែររបស់ពលរដ្ឋ លោក អន ភារៈអភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានថ្លែងថា ស្ពានឈើទាំងបួនកន្លែងខាងលើ អាជ្ញាធរមិនបានអនុញ្ញាតឲ្យក្មួយមេឃុំយកលុយនោះទេ ហើយអាជ្ញាធរក៏ពុំបានទទួលលុយមួយកាក់មួយសេនពីការឆ្លងស្ពានដែរ៕
សហការី