ភ្នំពេញ៖ ក្រុមហ៊ុនឯកជនជាច្រើនបានបន្តប្រកាសជួយដល់ការគាំទ្ររបស់ខ្លួនដល់អត្តពលិកកម្ពុជាដែលកំពុងតែចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គែម (SEA Games) ក្នុងប្រទេសម៉ាឡេស៊ី។ជាក់ស្តែងថ្ងៃទី២១ខែសីហាឆ្នាំ២០១៧ – ផាយផេ (Pi Pay) ដែលជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ក៏បានប្រកាសពីការចូលរួមចំណែកជួយដល់អត្តពលិកកម្ពុជាផងដែរ។
ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីដែលបានរៀបចំនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាប្រដាល់កម្ពុជាបានអរគុណដល់ក្រុមហ៊ុនផាយផេសម្រាប់ការឧបត្ថម្ភទឹកប្រាក់៥០០០ដុល្លារសហរដ្ឋអាមេរិកសម្រាប់ជួយដល់ការហ្វឹកហាត់និងការទ្រទ្រង់ដល់កីឡាករប្រដាល់ចំនួន៩រូបដែលកំពុងប្រកួតនៅប្រទេសម៉ាឡេស៊ី។
លោកតែមម៉ឺនប្រធានសហព័ន្ធគុនខ្មែរបានពន្យល់ថា៖“យើងសូមថ្លែងអំណរគុណសម្រាប់ការជួយគាំទ្រមកដល់កីឡាករប្រដាល់របស់យើង។ពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមការប្រកួតក្នុងកីឡាស៊ីហ្គែមហើយយើងក៏មានក្តីរំភើបនៅពេលដែលឃើញពួកគេប្រកួតជាមួយនឹងកីឡាករប្រដាល់ល្អៗនៅក្នុងតំបន់”។
លោកបានបន្ថែមទៀតថា៖“នៅពេលដឹងថាយើងទទួលបានការគាំទ្រពីអ្នកក្នុងស្រុកចំពោះសកម្មភាពកីឡាដែលតំណាងឲ្យប្រទេសកម្ពុជានៅឯក្រៅប្រទេសដូច្នេះគឺជារឿងអស្ចារ្យហើយជាពិសេសគឺការគាំទ្រពីក្រុមហ៊ុនថ្មីឈ្មោះផាយផេនេះគឺជាកិត្តិយសមួយសម្រាប់យើងផងដែរ”។
លោកថូម៉ាស់ផូករនី (Tomas Pokorny) នាយកប្រតិបត្តិក្រុមហ៊ុនផាយផេបានពន្យល់ថា៖“យើងបានទទួលការគាំទ្រយ៉ាងច្រើនចាប់តាំងពីផាយផេត្រូវបានដាក់ឲ្យដំណើរការសាកល្បងរួចមក។យើងមានមោទនភាពដែលបានជួយត្រលប់ទៅវិញដល់ប្រទេសកម្ពុជាតាមរយៈការជួយឧបត្ថម្ភដល់អត្តពលិករបស់យើងដែលកំពុងតែចូលរួមប្រកួតនៅឯប្រទេសម៉ាឡេស៊ី។
ពិធីបើកកីឡាស៊ីហ្គែមបានធ្វើឡើងនៅឯទីក្រុងកូឡាឡំពួរកាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុនហើយការប្រកួតបានចាប់ផ្ដើមរួចរាល់ហើយសម្រាប់ប្រភេទកីឡាមួយចំនួនធំដែលមាននៅក្នុងកម្មវិធីស៊ីហ្គែមលើកទី២៩នេះ។ប្រទេសកម្ពុជាបានទទួលមេដាយសំរឹទ្ធចំនួនបីហើយឈរពីលើប្រទេសទីម័រខាងកើតសម្រាប់តារាងចំនួនមេដាយដែលឈ្នះ។ព្រឹត្តិការណ៍កីឡាប្រដាល់ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យហើយកម្មវិធីប្រគល់មេដាយនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ដែលមានមេដាយចំនួន៦សម្រាប់ការប្រជែងយកក្នុងទម្ងន់ផ្សេងៗ៕ វឌ្ឍនា