ខេត្តតាកែវ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបូរីជលសារបាន ចុះត្រួតពិនិត្យមើលលើទីតាំងនៃបទល្មើសនេសាទខុសច្បាប់ ដែលក្រុមឈ្មួញបានចូលមកលួចដាក់សៃយ៉ឺនស្បៃមុងខុសច្បាប់ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅតំបន់អភិរក្សបឹងព្រែកល្ពៅ ក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសា ខេត្តតាកែវ ។
លោក ទុយ សុភ័ក្រ្ត អភិបាលស្រុកបូរីជលសារ ដែលបានដឹកនាំកម្លាំងចុះទៅបង្រ្កាប បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងឯកភាពស្រុក បាន កាត់សៃយ៉ឺនស្បៃមុងបានប្រមាណជិត២គីឡូម៉ែត្រ លើ៤ទីតាំង ដែលក្នុងនោះ សីយ៉ឺនស្បៃម៉ុងមួយ ដែលក្រុមឈ្មួញដាក់យកត្រីនោះ មានប្រវែង ជិត៤០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ឯណ្ណោះ ។ លោកបានបន្តទៀតថា ពាក់ព័ន្ធជាមួយ និងបទលើ្មសនេសាទខុសច្បាប់នេះដែរ លោកបានបង្កើតកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដើម្បី បង្ក្រាបបទល្មើសនេសាទនេះ នៅក្នុងតំបន់អភិរក្ស និងក្នុងរដូវហាមឃាត់។ ចំណែកការដាក់សៃយ៉ឺនស្បៃម៉ុងជាលក្ខណៈគ្រួសារ ដែលមានប្រវែងខ្លីៗនោះ គឺលោកមិនបង្ក្រាបទេ ព្រោះមុខរបរនេះជាឆ្នាំងបាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅ ភូមិសាស្ត្រតំបន់ទឹកជន់លិចនៅក្នុងរដូវវស្សានេះ។
ក្រោយពីចុះកាត់សៃយ៉ឺនស្បៃមុងនេះ កងកម្លាំងគណបញ្ជាការឯកភាពស្រុក បានយកសៃយ៉ឺនទាំងនោះទៅដុតកម្ទេចចោលនៅខាងមុខសាលាស្រុកតែម្តង ៕ ភ្នំដា