ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ថា មនុស្ស១៥នាក់បានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍វាយប្រហារកើតឡើងស្ថិតនៅភាគខាងកើតខេត្ត Diyala ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ ព្រមជាមួយការវាយប្រហារកើតឡើងនៅភាគខាងជើងទីក្រុង Kirkuk ផងដែរ ។
ស្ថិតនៅតំបន់ Diyala កាំភ្លើងត្បាល់ជាច្រើនគ្រាប់បានបាញ់ធ្លាក់នៅក្នុងភូមិឋានទីប្រជុំជន Baquba ចម្ងាយ៦៥គីឡូម៉ែត្រភាគឦសានទីក្រុងបាដាដ បណ្តាលឲ្យមនុស្ស១៣នាក់បាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមប្រភពពីមន្ត្រីក្នុងតំបន់ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។
ដែនដី Diyala នេះលាតសន្ធឹងនៅភាគខាងកើតទីក្រុងបាដាដឆ្ពោះទៅកាន់តំបន់ព្រំដែនភាគខាងកើត ។ ដែនដីនេះតែងតែកើតមានអំពើហិង្សាញឹកញាប់ចាប់តាំងអំពីកងកម្លាំងទាហានអាមេរិកដឹកនាំកងទ័ពសម្ពន្ធមិត្តវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់តាំងពីឆ្នាំ២០០៣រៀងមក ហើយបើទោះបីមានប្រតិបត្តិការកម្លាំងយោធាប្រឆាំងទៅលើក្រុមឧទ្ទាមយ៉ាងណាក៏ដោយ ក៏អំពើហិង្សានៅទីនោះតែងតែកើតមានឡើងជានិច្ច ។
ប៉ូលិសអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួផងដែរថា នៅតំបន់ Kirkuk នោះ លោក Iyden Rif ដែលជាអ្នកស៊ើបការណ៍សម្ងាត់នោះបានបាត់បង់ជីវិត រួមជាមួយអង្គរក្សរបស់លោកផងដែរ បន្ទាប់ពីការវាយប្រហារពីក្រុមខ្មាន់កាំភ្លើងបាញ់សម្តៅរថយន្តរបស់លោក ខណៈកំពុងធ្វើចរាចរណ៍ជិតមកដល់លំនៅឋានដែលស្ថិតនៅភាគខាងត្បូងទីក្រុង Kirkuk ចម្ងាយ១៥០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាដាដ ។
អំពើហិង្សានៅតំបន់ Kirkuk នោះមានការកើនឡើងជារៀងរាល់ថ្ងៃ ។ នៅទីនោះ មានក្រុមជនជាតិដើមភាគតិចចម្រុះគ្នារស់នៅ ជាក់ស្តែងដូចជាក្រុមជនជាតិភាគតិច Kurds , ក្រុមជនជាតិ Arabs ក្រុម Turkomans និងក្រុមជនជាតិភាគតិចដទៃផ្សេងទៀតផងដែរ ។ ទីតាំងនេះកំពុងមានការប្រទេញប្រទង់គ្នាយ៉ាងខ្លាំងក្លាដើម្បីដណ្តើមសិទ្ធិស្វយ័តរវាងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ នឹងក្រុម Kurdistan នៅទីនោះ ។
ក្រុមឃើដ មានបំណងពង្រឹកទឹកដីរបស់ខ្លួនទៅកាន់ភាគខាងជើងអ៊ីរ៉ាក់ ក្នុងនោះមានទាំងខេត្ត Kirkuk ដែលសម្បូរណ៍ដោយធនធានប្រេងកាត ក៏ដូចជាពង្រីកទឹកដីទៅកាន់ខេត្ត Nineveh, ខេត្ត Salahudin និងខេត្ត Diyala ផងដែរ ដែលសកម្មភាពនេះធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត