នៅពេលដែលប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍អំពីបញ្ហាប្រាក់ចូលនិវត្តន៍របស់កម្មករគ្រប់ទីកន្លែង ធ្វើឲ្យព័ត៌មានស្តីអំពីអំពើពុករលួយរបស់មន្ត្រីនៅក្នុងឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេចឡើងដែរ។ នោះគឺនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ត្រូវគេអះអាងថា ជានាយកដ្ឋានមួយដែលបានប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ ជាមួយថៅកែរោងចក្រ សហគ្រាស និងសិប្បកម្មតូចតាចទាំងឡាយ។
គេរាយការណ៍ថា ក្រុមមន្ត្រីនៃនាយកដ្ឋានខាងលើនេះបានចុះទៅដល់ទីកន្លែងណា ដែលមានការបម្រើការងារដោយកម្លាំងពលកម្ម ដូចជាហាងគុយទាវ, សិប្បកម្មផលិតអ្វីៗសព្វបែបយ៉ាងដែលមានទ្រង់ទ្រាយតូចល្មម, ការដ្ឋានធ្វើសំណង់… ក្រុមមន្ត្រីទាំងនេះបានទាក់ទងជាមួយថៅកែរោងចក្រសហគ្រាសអំពីបញ្ហាដែលត្រូវធ្វើសៀវភៅការងារដល់ក្រុមកម្មករលក់កម្លាំងទាំងនោះ។ ថៅកែរោងចក្រ សហគ្រាសសិប្បកម្មនានា មិនយល់អំពីច្បាប់ ហើយក៏មិនចង់ឲ្យមានសៀវភៅការងារអ្វីនោះដែរ ដូច្នេះត្រូវបង្ខំចិត្តបង់លុយក្រោមតុឲ្យទៅមន្ត្រីនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម។
ប្រភពពីក្រុមមន្ត្រីនៅក្រសួងការងារអះអាងថា ឥឡូវនេះមិនមែនមានតែនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនោះទេ ដែលស៊ីលុយជាមួយថៅកែរោងចក្រ សហគ្រាស សិប្បកម្មនានានោះ សូម្បីតែមន្ត្រីនៃបេឡាជាតិ និងរបបសន្តិសុខសង្គម ក៏ពុករលួយដែរ។ ថៅកែហាងគុយទាវ ក៏ត្រូវពួកមន្ត្រីទាំងនេះចូលទៅអុកឡុករកលុយកាក់ ពីព្រោះថា បើតាមច្បាប់ ក្រុមកម្មករនៅក្នុងហាងគុយទាវ ក៏ត្រូវមានសៀវភៅការងារដែរ។ បើថៅកែមិនចង់ឲ្យកម្មករ មានសៀវភៅការងារទេ ត្រូវតែបង់លុយឲ្យពួកមន្ត្រីក្រសួងការងារដែលធ្វើកិច្ចការនេះ ៕