ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានផ្សាយសារមួយជាភាសាខ្មែរផង និងជាភាសាអង់គ្លេសផង នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ស្ថានទូតក្រោមចំណងជើងថា៖ «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត»។ ភាសាអង់គ្លេសសរសេរថា៖ «Is Cambodia committed to democracy? You decide»។
យើងខ្ញុំយល់ច្បាស់ណាស់អំពីអត្ថន័យដែលបង្កប់ពិសពុលនៃពាក្យថា៖ «អ្នកជាអ្នកសម្រេចិត្ត ឬ You decide»។ ដូច្នេះយើងខ្ញុំសូមផ្ញើសារទៅកាន់ស្ថានទូត អាមេរិកវិញថា៖ ភាសាខាងលើនេះមិនមែនជាភាសាការទូតទេ។ ភាសានេះ ក៏មិនមែនជាចរិតសម្តែងការគោរពចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យនោះដែរ។ ក៏ប៉ុន្តែ នេះគឺជាភាសាញុះញុង អុជអាល។ សំណួរដែលគួរសួរទៅវិញគឺ៖ «តើអាមេរិកពិតជាមកជួយខ្មែរ ឬចង់បន្តបំផ្លិចបំផ្លាញខ្មែរ?»។
ប្រវត្តិសាស្ត្របានប្រាប់កូនខ្មែរនិងប្រជាជនកម្ពុជាច្បាស់ណាស់នូវការឈឺចាប់តាមដំណាក់កាលឥតឈប់ឈរ ហើយអាមេរិកជំពាក់ឈាមនិងជីវិតប្រជាជនកម្ពុជា ច្រើនណាស់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ អាមេរិក គឺជាអ្នកនៅពីក្រោយពួក លន់ ណុល និង សិរិមតៈ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ។ អាមេរិកបានទម្លាក់គ្រាប់បែកជាង២លាន៧សែនតោននៅលើទឹកដីកម្ពុជា ដោយបានធ្វើឲ្យប្រជាជនកម្ពុជាស្លូតត្រង់ជាង៨សែននាក់ស្លាប់នៅគ្រានោះ។ តើនេះឬប្រជាធិបតេយ្យដ៏ព្រៃផ្សៃ?
យើងខ្ញុំក៏សូមរំលឹកទៅកាន់ស្ថានទូតអាមេរិកឲ្យចងចាំឡើងវិញដែរថា៖ ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកនេះហើយ ដែលនាំឲ្យមានការឈឺចាប់ និងជាឈ្នួនជំរុញបង្កើតឲ្យមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលករណីនេះដូចគ្នានៅប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាដែរ គឺដោយសារតែការឈ្លានពាន របស់អាមេរិក ទើបនាំឲ្យមានអង្គការចាត់តាំងតាលីបង់ និង ISIS ។ តើនេះឬប្រជាធិបតេយ្យដ៏ខ្មៅងងឹត?
យើងក៏នៅចាំបានថា ថ្មីៗនេះ កាលពីឆ្នាំ២០១៣ នៅពេលដែលព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ស្តេចយាងជារាជាធិបតី បើកសម័យប្រជុំរដ្ឋសភាលើកដំបូងគឺឯកអគ្គរដ្ឋទូតអាមេរិកម្នាក់បានលើកដៃច្រងេងច្រងាងនៅចំពោះមុខព្រះភក្រ្ត នៃអង្គព្រះមហាក្សត្រខ្មែរ និងអង្គរដ្ឋសភាជាតិយ៉ាងព្រហ៊ើន។ តើនេះឬប្រជាធិបតេយ្យដ៏ថោកទាប?
យើងខ្ញុំក៏សូមបញ្ជាក់ឡើងវិញទៅកាន់ស្ថានទូតអាមេរិកឲ្យច្បាស់ដែរថា៖ ប្រទេសកម្ពុជាដែលជារដ្ឋឯករាជ្យ និងជារដ្ឋអធិបតេយ្យ គឺប្រកាន់យក «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ដោយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ ប្រជាជនកម្ពុជា ក៏យល់ច្បាស់ណាស់អំពីដំណើរការប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យដែលថ្លៃថ្នូរត្រូវតែដើរតាមគន្លង «នីតិរដ្ឋ»។
យើងខ្ញុំសូមផ្ញើសារទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឲ្យច្បាស់ថា «យើងបានសម្រេចចិត្តរួចហើយថា៖ យើងការពារអធិបតេយ្យភាពជាតិរបស់យើង។ យើងការពាររដ្ឋធម្មនុញ្ញរបស់យើង។ យើងការពារព្រះមហាក្សត្ររបស់យើង។ យើងការពាររាជរដ្ឋាភិបាលស្របច្បាប់របស់យើង។ យើងប្តេជ្ញាការពារសន្តិភាពដ៏ពិសិដ្ឋរបស់កម្ពុជាតទៅទៀត។ យើងមិនអនុញ្ញាតឲ្យឈាមប្រជាជនកម្ពុជាហូរ ឬខ្មែរបែកបាក់ដោយសារការញុះញុងអុជអាល ពីសំណាក់បរទេសណាមួយ ដូចប្រវត្តិសាស្ត្រកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដ៏ឈឺចាប់នោះ កើតសារជាថ្មីលើទឹកដីសុវណ្ណភូមិនៃកម្ពុជា ជាដាច់ខាត!៕
ដោយ៖ សេនាជាតិ