ចុងឆ្នាំ២០១៩ ឬ ដើមឆ្នាំ២០២០ កម្ពុជានឹងមានតំណក់ប្រេងជាលើកដំបូង

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនឯកជនក្នុងការ អភិវឌ្ឍវិស័យប្រេងកាតលើ​គម្រោងប្លុក A បន្ទាប់ពីបរាជ័យនៃការរុករកកន្លងមកដោយ សារកត្តាប្រឈមជាច្រើនទាំងប្រភពទីផ្សារ និងទំហំធន​ធានប្រេងនៅមាន កម្រិតដែលមិនអាចឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧បានឲ្យដឹងថា តំណាង ឲ្យរាជរដ្ឋាភិបាលលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលបានចុះកិច្ចព្រម ព្រៀងជាមួយក្រុមហ៊ុន Kris Energy ដើម្បីផ្តល់សិទ្ធិក្នុងការអភិវឌ្ឍវិស័យប្រេងកាតនៅកម្ពុជាដើម្បីឈានឲ្យក្លាយជាប្រទេសដែលផលិតប្រេងមួយក្នុងចំណោមប្រទេសផលិតប្រេងនៅលើពិភពលោក ។

សេចក្តីប្រកាសព័ត៌មាននេះបានផ្តោតសំខាន់លើ៦ចំណុចរួមមាន ទី១- កិច្ចព្រម ព្រៀងវិសោធនកម្ម និងការចែងឡើង​វិញនៃកចិ្ចព្រមព្រៀងប្លុក A ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០២, ទី២-កិច្ចព្រមព្រៀងប្រេងកាត ប្លុក A ក្រោយធ្វើវិសោធនកម្មរួច និងការ ចែងឡើងវិញ, ទី៣-កិច្ចព្រមព្រៀងប្រគល់ផ្ទៃក្រឡាសងវិញ, ទី៤- វិសោធនកម្មកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា, ទី៥-កិច្ចសន្យា ប្រគល់សិទ្ធិនិងទទួលយកកាតព្វកិច្ច ទី៦-លិខិតអនុញ្ញាតផលិតកម្មលើកទី១។

ប្រភពដដែលបន្តថា ស្របតាមកិច្ចព្រម ព្រៀងនេះរាជរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មរបស់ខ្លួនគឺជំហាន 1A និង 1B ដែលមានផ្ទៃក្រឡា១៩៨គីឡូ ម៉ែត្រការ៉េលើផ្ទៃក្រឡាបច្ចុប្បន្នសរុប ៣.០៨៣គីឡូម៉ែត្រការ៉េដែលស្ថិតនៅក្នុងអាងសមុទ្រខ្មែរក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅចន្លោះពី៥០ម៉ែត្រទៅដល់ ៨០ម៉ែត្រ ហើយសម្រាប់ផ្ទៃក្រឡាដែលនៅសល់ក្រុមហ៊ុនត្រូវសិក្សាបន្ថែមទៀត មុននឹងសងត្រឡប់មកឲ្យរដ្ឋាភិបាលវិញ។

យោងតាមផែនការអភិវឌ្ឍរបស់ក្រុមហ៊ុន Kris Energy គម្រោងដំបូងរបស់ ជំហាន 1A នឹងផលិតក្នុងរយៈពេល២ឆ្នាំ ទៀតគឺនៅចុងឆ្នាំ២០១៩ខាងមុខ ឬដើម ឆ្នាំ២០២០។ បន្ទាប់ពីការចុះកិច្ចព្រមព្រៀង នេះរយៈពេល៦០ថ្ងៃក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិតដែលត្រូវចំណាយពេល២៤ខែដើម្បីឈានទៅផលិតប្រេងលើកដំបូង ។

សម្រាប់ជំហាន1Aបានបំពាក់ឧបករណ៍ ទំនើបដែលដាក់នៅលើក្បាលអណ្តូងដែលអាចបញ្ជាពីចម្ងាយ ហើយអាចប្រើបានរហូត ដល់២៤អណ្តូងក្នុងបរិមាណ៣ម៉ឺនបារែ៉លក្នុងមួយថ្ងៃសម្រាប់បញ្ជូនទៅកាន់នាវា ផលិតប្រេងដែលអាចញែកយកឧស្ម័ន ប្រេង និងទឹកចេញពីគ្នាបាន។ តាមការ បញ្ជាក់របស់ក្រុមហ៊ុនប្រេងឆៅដែលអាចញែកចេញបានប្រមាណ៨.០០០បារែ៉ល ក្នុងមួយថ្ងៃ ហើយត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង១,៥គីឡូម៉ែត្រទៅកាន់នាវា បណ្តែតផ្ទុក និងផ្ទេរប្រេង ។

គួររំលឹកថា ក្នុងចន្លោះឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៩៤កម្ពុជាបានធ្វើកិច្ចសហការជា មួយក្រុមហ៊ុនឯកជន២ដើម្បីខួងរុករកប្រេង ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ។ រហូត មកដល់ឆ្នាំ២០០២កម្ពុជាបានបន្តធ្វើការជាមួយក្រុមហ៊ុន Chevron និងមានការចូល រួមភាគហ៊ុនរបស់ក្រុមហ៊ុន Kris Energy ក្នុងឆ្នាំ២០១១ ហើយបានអូសបន្លាយដល់ ឆ្នាំ២០១៦ ក្រុមហ៊ុន Kris Energy បានក្លាយជាម្ចាស់ភាគហ៊ុនរហូតដល់៩៥ភាគរយ និង៥ភាគរយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលបានសិក្សារកឃើញ និងរំពឹងទុកសម្រាប់ដំណាក់កាល ដំបូងក្នុងប្លុក1Aនិង1Bត្រូវបានប៉ាន់ស្មានថា មានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្លាយជាប្រទេសដែលផលិតប្រេងឆៅមួយនៅថ្ងៃអនាគត ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៧ ក្នុងឱកាសពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍ អណ្តូងប្រេងកាតនៅប្លុក A កម្ពុជា ដែលធ្វើ ឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រវាងតំណាងរដ្ឋាភិបាលកម្ពុជាមានក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាម ពលជាមួយក្រុមហ៊ុនគ្រីសអេនើជី។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងថា ក្រុមការងារអន្តរក្រសួងមានក្រសួងរ៉ែ និង ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និងក្រុមហ៊ុនគ្រីអេនើជីដែលបានពិភាក្សា គ្នាយ៉ាងស្វិតស្វាញធ្វើឱ្យគម្រោងប្រេងកាតនៅប្លុក A ប្រទេស កម្ពុជាបានក្លាយជាការ ពិត។ លោកបន្តថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើជាសក្ខីភាពឆ្លុះ បញ្ចាំងសមិទ្ធ ផលដ៏អស្ចារ្យថ្មីថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដំណើរ ការឆ្ពោះទៅឱ្យមានផលិតកម្មប្រេងឆៅ លើកដំបូងចេញពីដែនសមុទ្រកម្ពុជា ។

លោករដ្ឋមន្ត្រីបន្តទៀតថា បរិមាណ សក្តានុពលធនធានប្រេងកាតដែលបានសិក្សារកឃើញ និងការរំពឹងទុកសម្រាប់ ដំណាក់កាលដំបូងក្នុងប្លុក 1A និង 1B តាមការប៉ាន់ស្មានលើសពី៣០លានបារែល និងមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងឆៅមួយផងដែរនៅថ្ងៃអនាគត ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចាប់ផ្តើមអភិវឌ្ឍអណ្តូងប្រេងកាតប្លុក A នេះ ជាកាតាលីករជំរុញឱ្យមានការសិក្សាបន្ថែមទៀតក្នុងការរុករករ៉ែនៅប្លុកប្រេងកាតដែល នៅទំនេរចំនួន៥នៅដែនសមុទ្រ និង១៨ ប្លុកផ្សេងទៀតនៅដែន គោកនៃប្រទេស កម្ពុជា ហើយអាជីវកម្មធនធានប្រេងកាតទាំងនេះនឹងក្លាយជាកម្លាំងចលករថ្មីដ៏ សំខាន់ក្នុងការអភិវឌ្ឍសង្គម ការអភិវឌ្ឍ ធនធានមនុស្ស ការកសាងសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ភាពរីកចម្រើន លូតលាស់ចង្វាក់ផលិតកម្មទំនិញ និងសេវា កម្មក្នុងស្រុក ព្រមទាំងជំរុញអភិវឌ្ឍពិពិធ កម្មសេដ្ឋកិច្ច និងឧស្សាហកម្មដែលជាមុខព្រួញយុទ្ធសាស្រ្តដ៏សំខាន់នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រសួង កំពុងជំរុញរៀបចំបញ្ចប់ច្បាប់ស្តីពីការគ្រប់គ្រងវិស័យប្រេងកាត និងលិខិតបទ ដ្ឋានគតិយុត្តិជាច្រើនទៀតដើម្បីធានាដល់ការប៉ះពាល់បរិស្ថានវិនិយោគ និងភាពច្បាស់លាស់ក្នុងការដាក់ទុនវិនិ យោគឯកជន។ ក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួនកំពុង ចាប់អារម្មណ៍លើប្លុកប្រេងកាតនៅទំនេរ និងការវិនិយោគ សាង​សង់រោងចក្រចម្រាញ់ប្រេងកាត បំពង់បង្ហូរប្រេង ឧស្ម័ន និងការ នាំចូលឧស្ម័នធម្មជាត (LNG) ជាប្រភពថាម ពលស្អាត និងកំពុងពេញនិយម​នៃ ពិភពលោកតែម្តង ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print