ភ្នំពេញ៖ ចោរឆក់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅទី១ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី ជនសង្ស័យនេះបានធ្វើសកម្មភាពឆក់ទូរសព្ទ័មួយគ្រឿង ម៉ាកអាយហ្វូន ពីនារីម្នាក់ បានសម្រេច ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១៦និង ៣០នាទីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ១ ជិតភ្លើងស្តុបច្បារអំពៅស្ថិតក្នុងក្រុមទី១សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ដូង វិចិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។
យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះមានឈ្មោះ ពៅ សុខឃីម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកផ្សារអីុអនស្នាក់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបរាប់អោយដឹងថា ដំបូងឡើយ រូបនាងបាននិយាយទូរស័ព្ទជាមួយឪពុកនៅកន្លែងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញ ជនសង្ស័យ១នាក់បានឆក់ទូរសព្ទ័ពីនាងរួចរត់គេចខ្លួនចូលក្នុងវត្ត ហើយក៏ត្រូវបានបានកម្លាំង នគរបាលប៉ុស្តិ៍ច្បារអំពៅទី១ដែលល្បាតនៅម្តុំនោះចាប់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍តែម្តង ។
នគរបាលប៉ុស្តិ៍ច្បារអំពៅ ទី១ បានអោយដឹងថាការ ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ទូរស័ព្ទនេះ ធ្វើឡើងក្រោយពីនារីរងគ្រោះរៀបរាប់ពីភិនភាគជនសង្ស័យប្រាប់សមត្ថកិច្ច បន្ទាប់ពីមាន កិច្ចសហការពីនារីរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យនៅគ្រាដែលជនសង្ស័យកំពុងផឹកស្រាបៀរនៅក្នុងវត្ត និងដកហូតបានវត្ថុតាំងទូរសព្ទ័ ១គ្រឿងហើយក៏បានប្រគល់ឲ្យនារីរងគ្រោះវិញ ។
ក្រោយពីសាកសួររួច ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ បញ្ជូនទៅអធិការ ខណ្ឌច្បារអំពៅ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ៕
...
ដោយ៖ សណ្តោស