ខេត្តកំពង់ឆ្នាំង៖ កម្មការិនីចំនួន២៧នាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រកាត់ដេរខោអាវ ហ្គោលអីភែរីល ក្នុងពេលដែលបរិយាកាសនៅក្នុងរោងចក្រនេះមានស្ថានភាពក្តៅ និងហប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ នៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អធិការស្តីទីនគរបាលស្រុកកំពង់ត្រឡាច លោក មាស សុភិន បានអោយដឹងថា នៅវេលាកើតហេតុមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង បន្ទាប់ពីកម្មករ កម្មការិនីបានចូលបម្រើការងារនៅទីនោះបានរយៈប្រមាណជាង១ម៉ោង ស្រាប់តែមានកម្មការិនីម្នាក់បានដួលសន្លប់ ដោយសារតែមានការដួលសន្លប់យ៉ាងដូចនេះ អ្នកផ្សេងដែលស្ថិតនៅក្បែរៗគ្នាឃើញស្ថានការណ៍ដូចនេះមានការភ័យរន្ធត់ ក៏សន្លប់បន្តបន្ទាប់គ្នាតែម្តង ។
លោកអធិការបានអោយដឹងទៀតថា ក្រោយពីការដួលសន្លប់រថយន្តរបស់ប៉ូលីស និងរថយន្តសាមុយបានចេញអន្តរាគមន៍ជួយដឹកជាបន្តបន្ទាប់យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចតែម្តង ដែលរហូតមដល់ពេលនេះ កម្មការិនីដែលដួលសន្លប់មានស្ថានភាពធូស្បើយខ្លះហើយ ។ ចំណែកឯករណីមានកម្មករដួលសន្លប់នេះ អាចបណ្តាលមកពីបរិយាកាសនៅក្នុងរោងចក្រ សភាពក្តៅខុសធម្មតា ៕
ដោយ៖ ចន្ថា