ភ្នំពេញ ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះបានចុះរៀបសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្ត នៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី បន្ទាប់ពីរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ បានចុះជូនដំណឹងរយៈពេល៧ថ្ងៃជាប់គ្នា ។
ក្រោយពេលចេញសេចក្តីជូនដំណឹង និងបានផ្សព្វផ្សាយយ៉ាងទូលាយតាមរយៈបណ្តាញសារព័ត៌មាន ពិសេសបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញទទួលបានគោលការណ៍ពីសាលារាជធានីក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់ទីតាំងខាងលើនេះ ។
លោកសុខ ពេញវុធ សូមជម្រាបថា ចំពោះរថយន្តដាក់តាំងលក់នៅលើអតីតទីលានប្រជាធិបតេយ្យ ក៏ដូចបរុវេណផ្សារចាស់បានរើចេញស្ទើរអស់ហើយ អាចនិយាយបានថានៅសល់ត្រឹម១០ភាគរយប៉ុណ្ណោះ ។ លោកបញ្ជាក់ថា រយៈពេល២ថ្ងៃកន្លងមក នេះ លោកមិនបានស្ទូចយករថយន្តបងប្អូនណាមួយឡើយ ប៉ុន្តែនៅរង្វង់ថ្ងៃចន្ទទី២៨ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរនឹងដាក់រថយន្តស្ទូចយករថយន្តណា ដែលម្ចាស់មិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ទៅរក្សាទុកនៅសាលាខណ្ឌដូនពេញរយៈ១៤ថ្ងៃ ដោយភ្ជាប់នូវការធ្វើកិច្ចសន្យា ៕ ស តារា