អាមេរិកកំពុងធ្វើឲ្យសម្ព័ន្ធមិត្ត ចាកចេញពីខ្លួនបន្តិចម្តងៗ ដោយសារតែគោលនយោបាយអាត្មានិយម

ចែករំលែក៖

នយោបាយអាត្មានិយមរបស់អាមេរិកបានធ្វើឲ្យ ប្រទេសនេះត្រូវបាត់បង់សម្ព័ន្ធមិត្ត បន្តិចម្តងៗ ដោយប្រទេសដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់អាមេរិកងាកទៅរកចិន វិញ​ដូចជាប្រទេស ហ្វីលីពីន ប៉ាគីស្ថាន​ ជាដើម។
នៅពេលនេះដែរ ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន​កាន់តែ​​តានតឹងក្រោយ​លោក​ត្រាំ​ប្រកាស​យុទ្ធសាស្ត្រ​នៅ​អាហ្វហ្កានីស្ថាន​។លោក​រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន Khawaja Muhammad Asif បង្ហាញ​ការខកចិត្ត​ចំពោះ​ការរិះគន់​របស់​លោក​ដូណាល់ ត្រាំ ទៅលើប៉ាគីស្ថាន​។
អាមេរិក​កំពុង​បន្ថែម​សម្ពាធ​ បន្ថែម​ភាព​តានតឹង​ដល់ទំនាក់ទំនង​ជាមួ​យប៉ាគីស្ថាន ​ក្រោយ​​លោក​ដូណាល់ ត្រាំប្រកាស​​មិនដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន នៅថ្ងៃច័ន្ទ​កន្លងទៅ។ លោកត្រាំ​បាន​​​​ឆ្លៀត​រិះគន់​ប៉ាគីស្ថាន​ថា ជា​ជម្រក​នៃ​ក្រុម​​ភេរវជន។ ​​អាមេរិក​អាច​នឹង​​ដក​ប៉ាគីស្ថាន​លែង​អោយ​មានងារ​ថា ជា​ដៃគូចំបង​នៃ​អង្គការ​​អូតង់​តទៅទៀត។
លោក​ខាវ៉ាចា ​មូហាម៉ាត អាស៊ីហ្វ ​ជា​រដ្ឋមន្ត្រី​​ក្រសួងការបរទេស​ប៉ាគីស្ថាន បានបញ្ចេញ​ប្រតិកម្ម​តបនឹងលោក​ដូណាល់ត្រាំ ដែល​បាន​​ប្រើពាក្យ​ធ្ងន់ៗ​ ចោទ​ថា​ប៉ាគីស្ថាន​ជាជម្រក​ក្រុម​បង្កចលាចល​ហិង្សា។ រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​លើកឡើង​ថា ​​​គ្មានប្រទេស​ណាមួយ​ដែល​ឈឺចាប់​ជាង​ប៉ាគីស្ថានទេ ​បើ​និយាយ​ពី​​​បញ្ហា​ភេរវកម្ម។ ការប្រកាស​អាមេរិក​មិនបាន​ផ្តោត​មើលឃើញ​ពី​ការលះបង់​​ដ៏ធំធេង​របស់​ប៉ាគីស្ថាន​ទេ។ កងទ័ព​ប៉ាគីស្ថា​នបាន​ប្រតិកម្ម​តាំងពី​ដំបូងទី​ដែរថា ​លែង​​​​មាន​​រចនាសម្ព័ន្ធក្រុមភេរវជន​នៅប៉ាគីស្ថាន​ទៀតហើយ។ ​​
រដ្ឋាភិបា​លប៉ាគីស្ថាន​ប្រាប់ថា ខកចិត្ត​ចំពោះ​ការរិះគន់​របស់​អាមេរិក។ ត្បិតថា រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅតែ​បង្ហាញ​បំណង​​ចង់បា​នសុខសន្តិភាព ប៉ុន្តែ ទំនាក់ទំនង​ជាមួយ​​អាមេរិក​ពេលនេះ​បាន​ឡើង​តានតឹង។ ក្រុមជំនាញ​បារម្ភ​ថា ប៉ាគីស្ថាន​អាច​នឹង​មិនព្រម​​ចុះញ៉មនឹង​​សម្ពាធ​អាមេរិក។ មិនមែន​​ជា​លើកទី១​ទេដែល​អាមេរិករិះគន់​ប៉ាគីស្ថាន​ថា​នៅពីក្រោយ​ខ្នង​ក្រុមភេរវជន​តាលីបង់ ដែល​បង្ក​អស្ថិរភាព​នៅ​អាហ្វហ្កានីស្ថាន​ ប៉ុន្តែ សំដី​លោកដូណាល់ ត្រាំ ​កាលពី​ថ្ងៃច័ន្ទ​ គឺ​បែបជាធ្ងន់បន្តិច​ហើយ។ ​លោក​ត្រាំ​បាន​ព្រមាន​ថា ប៉ាគីស្ថាន​នឹង​ទទួលការ​បាត់បង់​ច្រើន បើ​បន្ត​អោយ​ក្រុមឧក្រិដ្ឋជន និង​ក្រុម​ភេរវជន​ជ្រកកោណតទៅទៀត។ លោកត្រាំ​ថែមទាំង​លើក​សរសើរ​ឥណ្ឌា​ជាគូប្រជែង​នុយក្លេអ៊ែរ​​របស់​ប៉ាគីស្ថាន​ និង​​សុំអោយ​ឥណ្ឌា​បន្តជួយ​អាហ្វហ្កានីស្ថាន​ទៀតផង។ ​
​ថ្ងៃអង្គារ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ធីលឡឺសុន បាន​បង្ហើបខ្លះៗពីវិធានការ​ដាក់សម្ពាធ​ប៉ាគីស្ថាន​។ អាមេរិក​អាច​​បន្ថយ​ជំនួយ​ ហើយ​ប៉ាគីស្ថាន​អាច​នឹង​រហូត​​បាត់បង់​​​ងារ​ថា​ជា​ប្រទេស​ដៃគូចម្បង​របស់​អូតង់។ ងារនេះ​ត្រូវបា​នអតីត​ប្រធានាធិបតី​ ហ្ស៊ក ដាប់ប៊ែលយូ ប៊ូស្ហ ផ្តល់​អោយ​ប៉ាគីស្ថាន​ ក្នុង​​ឆ្នាំ២០០៤ ជា​ងារ​សម្រាប់​ប្រទេស​​​មិនមែន​​​សមាជិក​អូតង់ ប៉ុន្តែជាប្រទេស​ដៃគូ​ដែល​សហការ​ជិតស្និទ្ធជាមួយ​អាមេរិក។ ដោយឡែក លោក​ធីលឡឺសុន​មិនបាន​ប្រាប់ថា តើ​អាមេរិ​កអាច​នឹងធ្វើការ​​​វាយប្រហារ​នៅ​ប៉ាគីស្ថាន​ឬយ៉ាងណាទេ។ តែ​អាមេរិក​ព្រមាន​រួចហើយថា នឹងកំចាត់​ក្រុមភេរវជន​ ទោះ​ជាក្រុមនេះស្ថិតនៅទីណា​ក៏ដោយចុះ។
នៅអាហ្វហ្កានីស្ថាន​វិញ ​ថ្ងៃពុធ​នេះ ​​ភេរវជន​អត្តឃាត​តាលីបង់​បាន​បំផ្ទុះ​រថយន្ត ​នៅ​ជិត​ទីស្នាក់ការ​ប៉ូលិស​មួយកន្លែង នៅភាគខាងត្បូង​ប្រទេស។ ភេរវកម្ម​បានសម្លាប់​មនុស្ស​​​យ៉ាងហោច​៥នាក់ និង​បង្ករបួស​ជាង​១០នាក់។ ភេរវកម្មនេះ​បង្ហាញ​ច្បាស់ថា ​​ក្រុម​តាលីបង់​មិនបាន​បង្អង់​យូរ​នឹង​បញ្ចេញ​ប្រតិកម្ម​ជាក់ស្តែងទេ​ ចំពោះ​ការដែល​លោក​ដូណាល់ ត្រាំ ​សម្រេច​​​មិនដក​ទាហានអាមេរិក​​ពី​អាហ្វហ្កានីស្ថាន​។ ការ​វាយប្រហារ​រ៉ុកកែត​ទៅលើ​ស្ថានទូត​អាមេរិក នៅក្រុងកាប៊ូល កាលពី​យប់​ថ្ងៃចន្ទ ​ក៏ត្រូវក្រុមតាលីបង់​​ប្រកាស​ថា ជាស្នាដៃ​របស់​ខ្លួនដែរ។
នៅពេលនេះចិន​ចេញ​មុខ​ការពារ​​ប៉ាគីស្ថានដែល​រង​ការរិះគន់​​របស់​​លោក​​ដូណាល់ ត្រាំ​​។ក្រសួងការបរទេស​ចិន​បាន​ចេញមុខ​ការពារ​ប៉ាគីស្ថាន​ដែលរងការរិះគន់​របស់​លោក​ដូណាល់ ត្រាំ។ ប្រធានាធិបតី​អាមេរិ​កទើបតែ​បាន​ប្រកាស​មិនដកទាហាន​អាមេរិ​កពី​អាហ្វហ្កានីស្ថាន ហើយ​ទំលាក់​កំហុស​លើ​ប៉ាគីស្ថាន​​ ថា​ផ្តល់​កន្លែងជ្រកកោន​ដល់​ក្រុមភេរវជន​ធ្វើអោយ​អាហ្វហ្កានីស្ថាន​គ្មានស្ថិរភាព។ ចិន​ទាត់ចោល​​ការ​​ចោទប្រកាន់​​របស់​លោក​ដូណាល់ ត្រាំ។​
លោកស្រី Hua Chunying ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចេញមុខការពារ​ប៉ាគីស្ថាន ប្រឈមនឹង​ការរិះគន់​របស់​ប្រធានាធិបតី​​អាមេរិក។ លោកដូណាល់ ត្រាំ ចោទ​ថា ប៉ាគីស្ថាន​ផ្តល់ជម្រក​ដល់​ក្រុមភេរវជន ធ្វើអោយ​អាហ្វហ្កានីស្ថាន​គ្មាន​ស្ថិរភាព​សន្តិសុខ។ ថ្ងៃអង្គារ​នេះ ​ចិន​លើកឡើង​​ថា​ ប៉ាគីស្ថាន​បាន​ធ្វើការលះបង់​ធំធេង​ណាស់ ប៉ាគីស្ថាន​បាន​ចូលរួម​ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម។ រដ្ឋាភិបាល​ចិន​បន្ថែមថា សហគមន៍អន្តរជាតិ​គួរតែ​គាំទ្រ​ទាំងស្រុង នូវ​ការខិតខំ​ប្រឹងប្រែង​របស់​ប៉ាគីស្ថាន។ ​​​
គេមើលឃើញថា ​មូលហេតុ​ដែល​​ចិន​ចេញមុខ​ការពារ​ប៉ាគីស្ថាន ប្រឈមនឹង​ការរិះគន់​របស់​អាមេរិក​ គឺ​ដោយសារ​​​ប៉ាគីស្ថាន​ជា​ទីតាំង​យុទ្ធសាស្ត្រ​ សម្រាប់​ចិន​ក្នុង​ការ​សម្រេច​​​​​ផែនការ​​សេដ្ឋកិច្ចមហិមា ឈ្មោះថា​ ខ្សែក្រវាត់​មួយ​ ផ្លូវមួយ​នោះហើយ។ តាមរយៈ​ផែនការ​នេះ ចិន​គ្រោង​ភ្ជាប់​​ហេដ្ឋារចនា​សម្ព័ន្ធ​​មធ្យោបាយ​​​ធ្វើដំណើរ ​ថាមពល និង​ប្រព័ន្ធ​ទូរគមនាគមន៍ ​ភ្ជាប់​ពី​​ចិន ទៅ​សមុទ្រ​អារ៉ាប៊ី ដោយ​ឆ្លងកាត់​​​តាម​កំពង់ផែ នៃ​​ដែនទឹក​​Gwadar នៅ​បាលូតឈីស្តង់។ តំបន់​បាលូតឈីស្តង់​នេះ ជាតំបន់​អស្ថិរភាព​ នៅ​ភាគនិរតី​ប៉ាគីស្ថាន។ ​ចិន​បាន​ប្រកាស​​ផ្តល់​ថវិកា​រាប់ពាន់​លាន​​ដុល្លារ សម្រាប់​ការ​វិនិយោគ​ ក្នុង​ក្របខណ្ឌ​​ផែនការ​សេដ្ឋកិច្ច​មួយនេះ ជាមួយប៉ាគីស្ថាន​។ ​
ចិន​មិនអាច​អោយ​ប៉ាគីស្ថាន​​រងការរិះគន់​របស់​អាមេរិ​កទេ។ លោកដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ប៉ាគីស្ថាន​អោយប្រឹងប្រែង​ចូលរួម​​ដោះស្រា​យបញ្ហា​អាហ្វហ្កានីស្ថាន។ អាមេរិ​កចោទ​ប៉ាគីស្ថាន​ថា ជា​ជម្រក​របស់​ក្រុមតាលីបង់។ ​ដើម្បី​ដាក់សម្ពាធ​ប៉ាគីស្ថាន លោកដូណាល់ ត្រាំ ​ក៏បាន​ស្នើឥណ្ឌា​អោយ​បន្ថែ​ម​ជំនួយ​​​ដល់​អាហ្វហ្កានីស្ថាន​ដែរ។ ឥណ្ឌា​​​​ជួយ​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅអាហ្វហ្កានីស្ថាន ហើយ​ឆ្នាំមុននេះ ​​បាន​ផ្តល់​ជំនួយ​១ពាន់លាន​ដុល្លារ ដល់​អាហ្វហ្កានីស្ថាន។ ឥណ្ឌា​និង​ប៉ាគីស្ថាន​​​​ប្រជែងគ្នា​ដាក់ឥទ្ធិពល​​នៅ​អាហ្វហ្កានីស្ថាន។ ​​ប៉ាគីស្ថាន​មើលឃើញថា ឥណ្ឌា​ពង្រឺងទំនាក់ទំនង​​ជាមួយ​​​​​អាហ្វហ្កានីស្ថាន គឺ​ដើម្បី​ឆ្លៀត​​ឡោមព័ទ្ធ​ទឹកដី​ប៉ាគីស្ថាន ដែល​នៅចន្លោះ​ឥណ្ឌា​និង​អាហ្វហ្កានីស្ថានតែ​​​​ប៉ុណ្ណោះ៕ ​

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print