ប្រទេសថៃ ៖ គេហទំព័រ Khaosodរបស់ ថៃកាលពីថ្ងៃទី២៥ ខែសីហាមុននេះបាន ផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃលោក ស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ។ ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយ ក្រោយពេលដេលតុលាការកំពូលរបស់ថៃ ចេញដីកាចាប់ខ្លួនលោកស្រីយីងឡាក់ ដោយសារលោកស្រីមិនទៅកាន់តុលាការដើម្បីស្តាប់ការប្រកាសសាលក្រម ហើយ មេធាវីរបស់លោកស្រីបញ្ជាក់ថា លោកស្រី ឈឺមិនអាចមកបាន ។
តុលាការកំពូលថៃកាលពីថ្ងៃសុក្របានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ប៉ុន្តែបែរជាពន្យារ ពេលប្រកាសសាលក្រមទៅលើការចោទប្រកាន់ប្រឆាំងនឹងលោកស្រីចំពោះការធ្វេស ប្រហែសនៅក្នុងកម្មវិធីជួយទិញស្រូវពី កសិករទៅដល់ថ្ងៃទី២៧ ខែកញ្ញាវិញ។ លោកស្រី យីងឡាក់ នឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជាសាលក្រមតុលាការគាំទ្រ ការចោទប្រកាន់ប្អូនស្រីបង្កើតលោក ថាក់ ស៊ីន រូបនេះមែននោះ ។
រដ្ឋាភិបាលយោធាថៃបច្ចុប្បន្នបានចោទប្រកាន់លោកស្រីយីងឡាក់ថា បានធ្វើឱ្យខាតបង់ថវិការដ្ឋដល់ទៅ៨ពាន់លានដុល្លារ ដោយសារតែកម្មវិធីប្រមូលទិញស្រូវពី កសិករថៃក្នុងតម្លៃថ្លៃក៏ប៉ុន្តែអតីតនាយក រដ្ឋមន្ត្រីរូបនេះបានដិសេធការចោទប្រកាន់ទាំងឡាយដោយអះអាងថា វាគ្រាន់តែ ចេតនានយោបាយចង់ធ្វើបាបលោកស្រីតែប៉ុណ្ណោះ។ ដោយឡែកនៅមុនការប្រកាស សាលក្រមនេះដែរក្រុមអ្នកគាំទ្រលោកស្រីយីងឡាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខ តុលាការកំពូល ខណៈប៉ូលិស៤.០០០ នាក់ត្រូវបានគេដាក់ពង្រាយ បើទោះជាលោកស្រីបានអំពាវនាវឱ្យអ្នកគ្រាំទ្ររបស់ខ្លួនកុំប្រមូលផ្ដុំគ្នាឬក៏ធ្វើដំណើរមកកាន់ ទីក្រុងបាងកកដើម្បីតវ៉ាក៏ដោយ ។
គួរបញ្ជាក់ថា លោកស្រីយីងឡាក់ សុី ណាវ៉ាត់ត្រា បានជាប់ឆ្នោតកា្លយជានាយករដ្ឋមន្ត្រីថៃជាស្រ្តីដំបូងគេកាលពីឆ្នាំ២០១១ តែលោកស្រីត្រូវបានរដ្ឋាភិបាលយោធា បច្ចុប្បន្នធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរក្រុមត្រួតពិនិត្យ អ្នកដំណើរចេញចូលនៅក្នុងប្រទេសថៃ បញ្ជាក់ថា គ្មានទិន្នន័យស្តីពីការចាកចេញ របស់លោកស្រីយីងឡាក់នោះឡើយ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwon បានបញ្ជាក់ថា ប៉ូលិសនឹងធ្វើការតាមចាប់ខ្លួនលោកស្រីយីងឡាក់តាមដីការបស់តុលាការហើយប្រសិនបើលោកស្រីគេចខ្លួនទៅក្រៅប្រទេសនោះគឺមានការជួយអន្តរាគមន៍ពីមន្ត្រី ដែលមានការពាក់ព័ន្ធនឹងរដ្ឋាភិបាលចាស។
នៅក្នុងព្រឹត្តិការណ៍មួយទៀតដែលពាក់ព័ន្ធនោះដែរនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំទើបតែទទួលបានព័ត៌មានស្តីពីអវត្តមានរបស់លោកស្រីយីងឡាក់នៅក្នុងតុលាការ។ ខ្ញុំបានចេញបញ្ជាឲ្យមន្ត្រីគ្រប់គ្រងតាមច្រកព្រំដែនធ្វើការត្រួតពិនិត្យឲ្យ បានល្អិតល្អន់» ។
មតិសាធារណៈបានលើកឡើងថា លោក ស្រីយីងឡាក់អាចចាកចេញពីប្រទេសដូច អ្វីដែលសារព័ត៌មានបានចុះផ្សាយ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការទៅឆែកឆេរផ្ទះរបស់លោកស្រីយីងឡាក់ នៅឡើយទេថា តើលោកស្រីបាត់ខ្លួនចេញពីផ្ទះមែនឬយ៉ាងណា។ បើពិតជាមិនឃើញ នៅផ្ទះឬនៅមន្ទីរពេទ្យដូចការលើកឡើងនោះគឺលោកស្រីពិតជាបានគេចខ្លួនទៅក្រៅប្រទេសមែនហើយ ។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាល ថៃមិនអនុញ្ញាតឲ្យត្រកូលស៊ីណាវ៉ាត្រាមាន ក្នុងឆាកនយោបាយថៃទៀតឡើយដោយ សារតែការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រា បានធ្វើឲ្យប៉ះពាល់ដល់ក្រុមអភិជននៅក្នុងប្រទេសថៃ។ ពីមុនមកថៃដឹកនាំដោយ អភិជនមិនផ្តល់ផលប្រយោជន៍ដល់ប្រជា កសិករអ្នកក្រីក្រនោះឡើយ។ តាំងពីលោក ថាក់ស៊ីនឡើងកាន់តំណែងរហូតដល់ជំនាន់ប្អូនស្រីរបស់លោកគឺលោកស្រីយីងឡាក់ ពលរដ្ឋនៅតំបន់ជនបទ ស្រែចម្ការមានជីវភាពធូរធារដោយសារគោលនយោបាយ ជួយដល់ពលរដ្ឋ ។
ការចំណាយប្រាក់ដើម្បីជួយទិញស្រូវអង្កររបស់ពលរដ្ឋក្នុងតម្លៃថ្លៃមិនមែនជា កំហុសរបស់លោកស្រីយីងឡាក់ឡើយគឺមុនពេលអនុវត្តត្រូវឆ្លងកាត់ការសម្រេចពី រដ្ឋសភាជាមុន។ ទាំងនោះហើយជាហេតុដែលនាំឲ្យលោកស្រីយីងឡាក់មិនព្រម ទទួលយកការចោទប្រកាន់ខាងលើដោយមិនត្រូវទម្លាក់កំហុសទាំងប៉ុន្មានមកលើលោកស្រីតែម្នាក់ឯងនោះឡើយ ៕
ដោយ៖ ម៉ែវ សាធី