យុវជន​ម្នាក់​ ករណី​ព្រួត​គ្នា​​កាប់​យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួស​ធ្ងន់​ នៅ​ស្រុក​កោះធំ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​​

ចែករំលែក៖

ខេត្តកណ្តាល​៖​លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​សីហា​ សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ ករណី​ ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​និង​ម្នាក់​ទៀត​របួស​ធ្ងន់​ នៅ​ស្រុក​កោះធំ​ ។​

ព្រះ​រាជ​អាជ្ញា​រង​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ លោក​ សំម​ ឫទ្ធី​វាសនា​ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ថា​ យុវជន​ម្នាក់​ឈ្មោះ​ ស្រី​ ផានិត​ និង​ បក្ខពួក​៤នាក់​ទៀត​ ត្រូវ​បាន​លោក​ចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​”តាម​មាត្រា​២២៤នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៧ឆ្នាំ​ទៅ​១៥ឆ្នាំ​ ។

គួរ​រំលឹក​ថា​យុវជនម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីមានទំនាស់ពាក្យសម្ដី នឹង​គ្នារួចដេញវាយតប់គ្នាពេញបរិវេណវត្តជ្រោយតាកែវ​ ។​ ភ្លាមនោះនគរបាលឃាត់ខ្លួនបានម្នាក់ និងគេចខ្លួន៤នាក់ កាលពី​រសៀល​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ក្នុងវត្តជ្រោយតាកែវ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

មន្ត្រីនគរបាលមូលដ្ឋានបាន​ឱ្យ​ដឹងថា ជនរងគ្រោះមាន​ឈ្មោះ ចយ ជ័យ ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) និង​ឈ្មោះ ជូ សុងហាក់ ភេទប្រុស អាយុ២១ឆ្នាំ ។

ចំណែកជនសង្ស័យមាន​ឈ្មោះ ឈ្មោះ ស្រី ផានិត ភេទប្រុស​ អាយុ២៤ឆ្នាំ​​ និង​ ៤នាក់​ទៀត​ រត់​គេច​ខ្លួន​ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះឈ្មោះ រឿន រ៉ា ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ ដោយឡែក​ក្រុម​ជនសង្ស័យ បានផឹកស៊ីស្រវឹងផងដែរ នៅចំណុចភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ។​

ភាគីជនរងគ្រោះ បាននាំគ្នាជិះម៉ូតូមកដើរលេងនៅចំណុចវត្តជ្រោយតាកែវ ហើយក៏បានជួបនឹង​ឈ្មោះ ស្រី ផានិត ជិះម៉ូតូមកដល់ទីនោះដែរ រួចបានទាក់ពាក្យសម្ដីគ្នា ។​ ភ្លាមនោះ ជនសង្ស័យឈ្មោះ សេន ភឿក និង ហ៊ន អ៊ាងឡាយ បានជិះម៉ូតូមកដល់ឃើញមិត្តរបស់ខ្លួន(ស្រី ផានិត) កំពុងតែមានទំនាស់ ពេលនោះពួកគេក៏ចូលមកជួយ និងទូរស័ព្ទហៅគ្នីគ្នាបន្ថែម បន្ទាប់ពីទាក់សម្ដីគ្នាយ៉ាងតឹងសរសៃក រួចបានវាយគ្នាទៅវិញទៅមក ខណៈកំពុងវាយគ្នាស្រាប់តែបក្ខពួកជនសង្ស័យ២នាក់ទៀត មានឈ្មោះ ស្រី សុជាតិ និងឈ្មោះ ពីង ប៉ាវ បានជិះម៉ូតូមកដល់ ដោយក្នុងដៃរបស់ឈ្មោះ ស្រី សុជាតិ កាន់ដែកមុខស្រួច ពណ៌ស ហើយបានដេញចាក់ភាគីជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកឯឈ្មោះ សេន ភឿក ក៏បានទាញយកកាំបិតដេញជនរងគ្រោះ បន្ថែមទៀតតែពុំត្រូវ ។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ទទួលបានព័ត៌មានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ស្រី ផានិត រីឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។ ចំណែកឯជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកមកមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែជនរងគ្រោះ ចយ ជ័យ បានស្លាប់មុនពេលមកដល់មន្ទីពេទ្យ ។​ ចំពោះជនរងគ្រោះឈ្មោះ ជូ សុងហាក់ ដោយរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យ​ប្រទេសវៀតណាម៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print