រុស្ស៊ីបានជម្លៀសពលរដ្ឋ រាប់ពាន់នាក់ ដែលរស់នៅតាមបណ្តោយព្រំដែន ជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំគីម ជុងអ៊ុន បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា។
សារព័ត៌មាន ដេលីម៉ែលបានផ្សាយថា មន្ត្រីនៅក្នុងតំបន់ ព្រំដែនបានសម្រេច ជម្លៀសពលរដ្ឋប្រមាណ១៥០០នាក់ទៅកាន់តំបន់មានសុវត្ថិភាព។ ព័ត៌មានខាងលើបានចុះផ្សាយនៅលើ បណ្តាញសង្គម Life.ru ដែលជាបណ្តាញមានភាពជិតស្និទ្ធជាមួយក្រសួងសន្តិសុខជាតិរុស្ស៊ី។
បទបញ្ជាឲ្យជម្លៀសពលរដ្ឋ ធ្វើឡើងតាមការបញ្ជាររបស់ក្រសួង គ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ។ នៅពេលនេះគេមិនទាន់ដឹងថា ពលរដ្ឋទាំងនោះនឹងបញ្ជូនទៅកាន់កន្លែងសុវត្ថិភាពនៅទីណាឡើយ។ រុស្ស៊ីមានព្រំដែនជាប់កូរ៉េខាងជើង ប្រវែង៣៨គីឡូម៉ែត្រ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការជម្លៀសពលរដ្ឋខាងលើ គឺជាការ ហ្វឹកហាត ដើម្បីជម្លៀសពលរដ្ឋ ពេលមានសង្គ្រាមនៅឧប្បទ្វីបកូរ៉េ ។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែសីហា ដោយមីស៊ីលហោះឆ្លងកាត់ទឹកដីជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បានព្រមានថា វិបត្តិនៅក្នុងឧប្បទ្វីបកូរ៉េ អាចជម្រុញឲ្យមានសង្គ្រាមប្រដាប់អាវុធកើតឡើង ។ ប៉ុន្តែ មកទលពេលនេះរុស្ស៊ីនៅតែរក្សាទំនាក់ទំនងនយោបាយ សេដ្ឋកិច្ចជាមួយកូរ៉េខាជើងដដែល។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹង ការបាញ់មីស៊ីលផ្លោង របស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង ដែលហោះលើប្រទេសជប៉ុន នៅក្នុងការបង្កហេតុជាបន្តបន្ទាប់ ធ្វើឲ្យអស្ថិរភាព ក្នុងតំបន់អាស៊ីភាគឦសានខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ការបាញ់បង្ហោះមីស៊ីលលើកនេះ ជាលើកដំបូងគេបង្អស់ហើយ ដែលគ្រាប់មីស៊ីលហោះនៅលើកោះ សំខាន់ៗរបស់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលឆ្លងទ្វីបពីរលើក របស់ក្រុងព្យុងយ៉ាង កាលពីខែកក្កដា ដែលបានរំលោភ លើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលហាមប្រាមមិនឲ្យចូលរួម ក្នុងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល៕ ម៉ែវ សាធី