អ្នកស្រុក គោកដូងស្ម័គ្រចិត្ត ប្រគល់ក្រឡ បុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរា រក្សាទុកជាសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំអ្នកស្រុកគោកដូងបានស្ម័គ្រចិត្ត ប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិអ្នកជំនាញនឹងយកក្រឡទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឱ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញពង្រឹងស្រទាប់រលោងនិងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ។

លោកប៉ុកវណ្ណាប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជា ពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្ស ទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។លោកបានបន្ដថា «ក្រឡទាំងពីរនេះ ឪពុកក្មេកខ្ញុំទេជាអ្នករកឃើញកាលពី១៥ឆ្នាំមុននៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ជីកដីលក់ក្រោយមកគាត់ក៏ប្រគល់វាមកឱ្យមកខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយក៏មកធ្វើផ្ទះនៅក្នុងក្រុងសៀមរាប។

ម្តាយក្មេកខ្ញុំក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣តម្រៀប​គ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេកខ្ញុំក៏រក្សាទុករហូតមកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនដែលមានរឿងអ្វីអាក្រក់ឡើយ ទោះបីតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារតែមិនមែនដូចច្នោះឡើយ ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។

ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយ អំពីពលរដ្ឋ យកវត្ថុបុរាណផ្សេងៗដែលជីកបានទៅប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរកតដូនតាឱ្យមានតម្លៃជាសាកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាវាទៀត បើបែកបាក់ មានតែបោះចោលឥតការ។
ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុង ស.វ ទី៩ ដល់ ទី១៣ នៃ គ.ស​។​

បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។ ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះស.វទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឫស្សីឬឡអន្លង់ធំ។ ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅស.វទី១១ ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ចំពោះបងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឱ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នេះ ពិតជាគួរឱ្យកោតសរសើរនិងគោរពឱ្យតម្លៃ៕ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print