ភ្នំពេញ ៖ លោកគ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងអាណោចអាធម៍នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោកសង្ស័យករណីប្លន់យកម៉ូតូ បន្សល់ទុកកូនប្រុសស្រីតូចៗចំនួន៥នាក់និងប្រពន្ធបានស្រែកទ្រហ៊ោយំយ៉ាងសោកសង្រែង។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៣០ នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ប៊ួ ច័ន្ទថន មុខរបរលក់ដូរក្នុងសាលាស្នាក់នៅក្នុងសាលានិងជាប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ ជានាយកស្ដីទីសាលាបឋមសិក្សាទួលគោក(ពៅអ៊ុំ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើត ភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុតាំងពីម៉ោង១ រំលងអាធ្រាតគឺជនរងគ្រោះបានចេញពីហូបចុកជាមិត្តភ័ក្រ្តរួចបានតេហៅគាត់អោយបើកទ្វារអោយគាត់ចូលក្នុងតែគាត់(ប្រពន្ធ)ប្រាប់ថាមិនមានសោរទ្វាររបងសាលានោះទេដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ។ លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលនេះកើតឡើងក៏ឃើញប្តីគាត់ស្លាប់នៅមុខសាលានេះតែម្តង៕
ដោយ៖ តុង សីហា