ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ រអិលជើងធ្លាក់ចូលស្រះទឹកផ្នែកខាងក្រោយផ្ទះលង់ស្លាប់ ច្រើនម៉ោងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងសមត្តកិច្ចជំនាញស្ថាប័នពាក់ព័ន្ធផងដែរ នេះបើតាមការអះអាងពីនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជុំ។
ហេតុការណ៍ក្មេងស្រីលង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកស្រះផ្នែកខាងក្រោយផ្ទះក្មេងរងគ្រោះ ស្ថិតក្នុងភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ(ស្លាប់)ឈ្មោះ បាន សុីថា អាយុ ៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ក្មេងស្រីរងគ្រោះ(ស្លាប់)គេមិនដឹងលង់ទឹកស្លាប់កាលពីវេលាម៉ោងប៉ុន្មាននោះទេ ទាល់តែនៅវេលាម៉ោងខាងលើឪពុកម្ដាយមកពីព្រៃរកអុសវិញ បានបាត់កូនស្រីសួរអ្នកជិតខាងក៍មិនដឹងព្យាយាមដើររកក៍មិនឃើញ ទើបមានការសង្ស័យនាំគ្នាទៅរកក្នុងស្រះទឹកក៍ប្រទះឃើញសក់ក្បាលរ៉ុយ ហក់ទៅស្រវ៉ាលើកឡើងកូនដាច់ខ្យល់ស្លាប់បាត់ទៅហើយបានត្រឹមនាំគ្នាទ្រហ៊ោយំប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បន្ទាប់ពីសមត្តកិច្ចនគរបាលមូលដ្ឋានទទួលបានព័ត៌មាននេះភ្លាម យើងបាននាំគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជុំវិញទីនោះចាប់យកវត្ថុតាងនានា ជាលទ្ធផល៖ យើងមិនដឹងច្បាស់លាស់ថាបានលង់ទឹកស្រះស្លាប់នេះនៅវេលាម៉ោងប៉ុន្មាននោះមែន និងមិនដឹងរត់លែងឬដើររអិលជើង និងចុះដោយខ្លួនឯងមែន ប៉ុន្តែលើខ្លួនប្រាណសាកសពពុំស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ដូច្នេះអាចសន្ថិដ្ឋានបានថាក្មេងស្រីរងគ្រោះបណ្ដាលឲ្យស្លាប់ពិតជាលង់ទឹកពិតប្រាកដ ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីតាមការគួរ ៕ បឹឹុម ពិន