ខេត្តបាត់ដំបង ៖ អំពើឃាតកម្មក្នុងគ្រួសារដ៏សាហាវឃោរឃៅបានកើតឡើង ដោយសារប្តីប្រច័ណ្ទ ប្រពន្ធ និងញៀនថ្នាំញៀន ផង ។ មុនពេលកើតហេតុប្តីបានឈ្លោះគ្នាជាមួយប្រពន្ធ បន្ទាប់មកប្តី បានយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ។ ក្រោយពីកាប់ សម្លាប់ប្រពន្ធ រួចប្តីបានយកកាំបិតបុ័ងតោកាប់ទៅលើកញ្ចឹងកខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ហើយ ត្រូវបានគេដឹកសង្គ្រោះមកកាន់មន្ទីរពេទ្យ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិត ក្នុងក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ។
សមត្ថកិច្ចក្រុងបាត់ដំបងបានឲ្យដឹងថា នារីរងគ្រោះ (ប្រពន្ធ) ឈ្មោះ ឌុង សាវ័ន អាយុ២៧ឆ្នាំ ។ ចំណែកជនសង្ស័យ (ប្តី) ឈ្មោះ ស្រ៊ុន គឹមជូ អាយុ៣៣ឆ្នាំ មុខរបរកាប់ជ្រូកលក់ ។ អ្នកទាំងពីរនាក់ មានទីលំនៅ កន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺកន្លងមកជនសង្ស័យ តែងតែធ្លាប់ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ និងជាមនុស្ស ញៀនថ្នាំផង ។
ករណីខាងលើនេះ កម្លាំងនគរបាលជំនាញកំពុងដំណើរការតាមនីតិវិធី ៕ ជាយក្រុង