កណ្តាល : ឃ្លាំងដ៍ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវជាតិលេខ១ ត្រូវបានកម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ចុះឆែកឆេររកឃើញឈើក្រញូងជិត៣០តោនដែលឈ្មួញដឹកយកមកលាក់ទុកសម្រាប់នាំចេញទៅក្រៅប្រទេស ។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដឹកនាំដោយលោកសូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ ពេលកម្លាំងចម្រុះចុះមកដល់ទីតាំង ម្ចាស់ឃ្លាំងមានឈ្មោះលី ហួ ភេទស្រី អាយុ៣៩ឆ្នាំ បានចាក់សោរទុកចោល ក្រោយមកដោយមានដីការបង្គាប់អោយឆែកឆេរចេញដោយ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ទើបកម្លាំងចម្រុះកាត់សោរបើកទ្វារឃ្លាំង ចូលទៅឆែកឆេរ រកឃើញឈើក្រញូងជិត៣០តោន ដែលឈ្មួញដឹកជញ្ជូនដូចកណ្តៀរយកមកលាក់ទុកបន្តិចម្តងៗរហូតបានជិត៣០តោន ក៍ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបបានតែម្តង ។ នៅក្នុងឃ្លាំងដ៍ធំមួយនេះសមត្ថកិច្ចរកឈ្មួញលាក់ទុកឈើក្រញូង៣កន្លែងផ្សេងគ្នា ទី១- លាក់ទុកក្នុងបន្ទប់ធំ ,ទី៣-លាក់ទុកនៅក្នុងបន្ទប់ខាងក្រោមដោយឈ្មួញថ្លឹងគីឡូនិងចងបាច់រួចជាស្រេចសម្រាប់ជញ្ជូនដាក់ក្នុរថយន្ត និងទី៣-លាក់ទុកនៅក្នុងបន្ទប់ ។
លោកអ៉ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយបានអោយដឹងថា បន្ទាប់ទទួលបានពត៍មានពីបណ្តាញសម្ងាត់ កម្លាំងរបស់លោកបានធ្វើការតាមដានជិត១សប្តាហ៍ នៅចំនុចឃ្លាំងដ៍ធំមានរថយន្តប្រភេទឃ្លុបចេញចូលតែពេលយប់ ពេលថ្ងៃចាក់សោរ ។ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងមានការណែនាំផ្ទាល់ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល និងមានដីការបង្គាប់អោយឆែកឆេរចេញដោយលោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល ទើបកម្លាំងចម្រុះបើកប្រតិបត្តិការត្រួតពិនិត្យក្នុងឃ្លាំងរកឃើគឈើក្រញូងដ៍ច្រើនសន្ធឹកសន្ធាប់ដែលលាក់ទុកនៅក្នុងឃ្លាំង ហើយឈើក្រញូងនេះឈ្មួញប្រើប្រាស់រូបភាពដឹកជញ្ជូនបន្តិចម្តងៗតាមរថយន្តប្រភេទឃ្លុប ពីកន្លែងផ្សេងយកមកលាក់ទុកក្នុងឃ្លាំង ក្នុងគោលបំណងនាំចេញទៅក្រៅប្រទេស ។ តាមការប៉ានស្មានក្រៅផ្លូវការឈើនេះប្រហែលជាជាង២០គូប ស្មើនិងជិត៣០តោន ។ ដោយឈើល្មើសច្បាប់មានចំនួនច្រើននិងពិបាកក្នុងការពារផងនោះ ពេលនេះឈើក្រញូងទាំងអស់ដឹកយកទៅរក្សាទុកនៅកន្លែងមានសុត្ថិភាព និងធ្វើរបាយការណ៍លំអិតនៅខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ។
ដោយឡែកលោកសូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានអោយដឹងថា ក្រោយពីដឹកវត្ថុតាងឈើក្រញូងចេញអស់ ទីតាំងឃ្លាំងដែលឈ្មួញជួលរកស៉ីរក្សាទុកឈើក្រញូងខុសច្បាប់នេះនិងត្រូវចាក់សោបញ្ឈប់មិនធ្វើអាជីវកម្មតទៅទៀត រងចាំការសម្រេចរបស់តុលាការ ៕សណ្តោស