លោក គន់ គីម នាំយកប្រាក់មរណ:សង្គ្រោះទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ចំនួន២០១នាក់នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបងៈ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយលោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៏ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅព្រឹកថ្ងៃទី១១ខែតុលា ឆ្នាំ២០១៥នេះបាននាំយកប្រាក់មរណ:សង្គ្រោះទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ចំនួន២០១នាក់ ។
លោក គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមា គមអតីតយុទ្ធជនកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងការរម្លឹកពីពលិកម្មដ៏ធំធេងរបស់អតីតយុទ្ធជន និវត្តជន ដែលបានបូជាកម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ ដោយលោកបានចាត់ទុកថា គុណូបក្ការៈដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ ទាំងស្មារតី សម្ភារៈ ថវិកា ឆ្លើយតបទាន់ពេលវេលា និងផ្តល់កិត្តិយសឲ្យសក្តិសមបំផុតទៅនឹងគុណបំណាច់នេះ។
សូមបញ្ជាក់ថា៖ការទទួលបានប្រាក់បេឡាមរណៈសង្គ្រោះ ធ្វើឡើងទៅតាមលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកំណត់ថា នៅពេលមានសមាជិកណាម្នាក់ទទួលមរណភាព នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤លានរៀល។ ថវិការប្រគល់ជូននាពេលនេះបានមកពីការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសក្នុងពិធីបិទមហាសន្និបាតសមាគមអតីតយុទ្ធជនកាលពីថ្ងៃទី២កញ្ញា ឆ្នាំ២០១៥ ថានឹងបើកឲ្យរួចរាល់ក្នុងចំនួនសរុបទូទាំងប្រទេស១.៥២៣នាក់ ដោយមិនឲ្យហួសពីរដូវបុណ្យភ្ជុំនេះទេ។
តំណាងគ្រួសារដែលទទួលបានការបើកប្រាក់ឧបត្ថម្ភ បានសម្តែងមនោសញ្ចេតនាអរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ហើយសន្យាបន្តគាំទ្រការដឹកនាំរបស់សម្តេច ជារៀងរហូត៕ 
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print