ក្រោយការរញ្ជួយដី លើកទីមួយប្រមាណ ១ម៉ោងក៏មានការរញ្ជួយដីលើកទីពីរ ដោយកូរ៉េខាងត្បូង បញ្ចាក់ថា ការរញ្ជួយដីលើកទីពីរកើតឡើងនៅកូរ៉េខាងជើង ជិតតំបន់ Kilju ជាទីតាំង សាកល្បង គ្រាប់បែកបរមាណូ Punggye Ri របស់កូរ៉េខាងជើង ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី៣ខែកញ្ញាបានផ្សាយថា ការរញ្ជួយដីកម្រិត ៤,៦រិចទ័រ កើតឡើងនៅកូរ៉េខាងជើង ស្ថិតនៅទីតាំងដែលកូរ៉េខាងជើង គ្រោងសាកល្បងគ្រាប់បែកបរមាណូ។ ចំណែកភាគីចិនវិញ ក៏បានប្រកាសថា មានការរញ្ជួយដីលើកទីពីរ នៅកូរ៉េខាងជើង។
នៅក្នុងសេចក្តីប្រកាស មួយ កូរ៉េខាងត្បូងបានបញ្ចាក់ថា ការរញ្ជួយដីទីពីរ កើតឡើង នៅមិនជ្រៅឡើយនៅក្រោមដី។ ការរញ្ជួយដីទីមួយមានគម្រិត៦,៣រិចទ័រ។
ក្នុងពេលជាមួយគ្នានេះ សារព័ត៌មាន ក្យូដូ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបញ្ចាក់ថា កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ បានបញ្ចាក់ថា «ប្រសិនបើនោះជាការសាកល្បងគ្រាប់បែកបរមាណូនោះ គឺជារឿងមួយដែលយើងមិនអាចទទួលយកបានឡើយ ។ យើងសូមប្រឆាំងយ៉ាងដាច់ខាត់នៅសកម្មភាពនោះ។
លើសពីនេះទៅទៀតរដ្ឋាភិបាលជប៉ុន នឹងសហការជាមួយអាមេរិក ចិន កូរ៉េខាងត្បូង ដើម្បីបញ្ចាក់ឲ្យបានច្បាស់ ពីព័ត៌មានខាងលើ។
រដ្ឋាភិបាលជប៉ុនក៏ដូចជា កូរ៉េខាងត្បូងបានកោះប្រជុំជាបន្ទាន់មួយ មន្ត្រីសន្តិសុខ យោធា ដើម្បី រកវិធានការទប់ស្កាត់ និងប្រតិកម្មបើកូរ៉េខាងជើង សាកល្បងបរមាណូ។
សកម្មភាពរបស់កូរ៉េខាងជើង នឹងជាឧបសគ្គយ៉ាងធំធេង សម្រាប់ គម្រោងសន្តិភាព ដែលលើកឡើងដោយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេ អីន ក្នុងនោះស្នើរដល់ទីក្រុងព្យុងយ៉ាង ផ្លាស់ប្តូរ ទស្សន ឆ្ពោះទៅរក កិច្ចពិភាក្សាបញ្ចប់កម្មវិធីបរមាណូ ដោះដូរនឹងការបញ្ចប់ទណ្ឌកម្ម៕
សាធី