ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសែនក្បាលទឹកប្រពៃណីជនជាតិចិនយ៉ាងហោចណាស់ផ្ទះចំនួន២ខ្នងនៅខេត្តបន្ទាយមានជ័យបានរងការឆាបឆេះដោយអគ្គិភ័យអស់ទាំងស្រុងក្នុងហេតុការណ៍២ករណីផ្សេងគ្នានៅក្រុងសិរីសោភ័ណ ១ករណីនិងនៅស្រុកព្រះនេត្រព្រះ១កណី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ។គ្រោះអគ្គិភ័យសេចក្តីរាយការណ៍ឱ្យដឹងថាមិនបង្កឱ្យរងរបួសរឺគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនធំនៅក្នុងផ្ទះទាំង២ខ្នងបានរងការខូចខាតបាត់បង់។អគ្គិភ័យទាំង២ករណីនោះដែរគេសង្កេតឃើញកម្លាំងនគរបាលទាំង២ស្រុកក្រុងខាងលើដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត៣ទៅ៤គ្រឿង បានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងមិនឱ្យរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋអ្នកជិតខាងថែមទៀតនោះឡើយ។
ករណីទី១,បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នា២០១៧ ផ្ទះប្រជាពលរដ្ឋ១ខ្នងធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសីទំហំ៩ម៉ែត្រគុណ៨ ម៉ែត្រនៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានរងការឆាបឆេះដោយអគ្គិភ័យខណៈដែលម្ចាស់ផ្ទះនាំគ្នាជាប់រវល់លក់ដូរអីវ៉ាននៅក្នុងតូបខាងមុខផ្ទះ។ខណៈដែលមានអគ្គិភ័យកើតឡើងគេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសរុបចំនួន២គ្រឿងបានចេញទៅបាញ់ទឹកពន្លត់ភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅដោយចំណាយទឹកអស់២រថយន្តធ្វើឱ្យអគ្គិភ័យនោះរលត់ទាំងស្រុងក្នុងរយៈពេលប្រហែល១កន្លះម៉ោងប៉ុណ្ណោះ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះប្រាប់ឱ្យដឹងទៀតថា អគ្គិភ័យនោះបង្កឱ្យឆេះផ្ទះ ដែលមានម្ចាស់រងគ្រោះឈ្មោះគ្រុឌ ផានភេទស្រីអាយុ៨៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។សមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងសន្និដ្ឋានថាបង្កឡើងដោយទុស្សេខ្សែភ្លើង។ភ្លើងផ្សែងចាប់ផ្តើមឆេះពីចំណុចក្នុងបន្ទប់មួយកន្លែងផ្នែកខាងលើផ្ទះរហូតរាលដាលដល់ឆេះផ្នែកខាងក្រោម។អគ្គិភ័យបានបង្កឱ្យខូចខាតម៉ូតូ១គ្រឿងរួមនិងទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំផងដែរ។
ករណីទី២នៅក្រុងសិរីសោភ័ណឯណោះវិញ,បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណឱ្យដឹងថាកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ផ្ទះមួយខ្នងធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ត៍ មានទំហំ៧ម៉ែត្រគុណ១៥ម៉ែត្រ នៅចំណុចខាងក្រោយភោជនីយដ្ឋានផ្កាយព្រឹក ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់ផ្ទះនៅនឹងផ្ទះនោះផងដែរ។អគ្គិភ័យកំពុងកើតឡើងនោះគេសង្កេតឃើញមានមនុស្សចាស់ម្នាក់និងកូនក្មេងតូចម្នាក់នៅក្នុងផ្ទះប៉ុន្តែត្រូវបានរត់ប្រជាពរដ្ឋរំដោះចេញគេចផុតគីគ្រោះថ្នាក់។បន្ទាប់មកមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទប់ស្កាត់មិនរារាំងទាន់ពេលវេលាមិនឱ្យភ្លើងទៅឆាបឆេះផ្ទះអ្នកជិតខាង៣ខ្នងក្បែរនោះបានឡើយ។អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងដោយប្រើប្រាស់ទឹកចំនួន៦រថយន្ត។
លោកអធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងទៀតថា មុនពេលើកើតហេតុគេឃើញភ្លើងចាប់ផ្តើមឆេះផ្ទុះនៅផ្នែកខាងលើផ្ទះក្រោយមកបានរាលដាល់ឆាបឆេះជាបន្តបន្ទាប់ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ។លុះបន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានបាញ់ទឹកពន្លត់ទើបគ្រង់គ្រងស្ថានការណ៍នោះបាន។អគ្គិភ័យនោះបើតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចសនិ្នដ្ឋានថាបង្កឡើងដោយទុស្សេខ្សែភ្លើងចំណុចគុបភ្លើងនៅលើផ្ទះ។ម្ចាស់ផ្ទះរងគ្រោះប្តីឈ្មោះ ឆុង ណាន់ អាយុ៥៤ឆ្នាំប្រពន្ធឈ្មោះ ប៉ាន ស្រីម៉ៅ អាយុ៥១ឆ្នាំ ។ទ្រព្យសម្បត្តិរងការខូចខាតគឺមានតែសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះប៉ុណ្ណោះ។នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ម្ចាស់ផ្ទះរងគ្រោះនៅស្រុកព្រះនេត្រព្រះ បានទទួលនូវអំណោយពីលោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតាមរយៈលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនូវស័ង្កីចំនួន៥០សន្លឹករួមនិងថវិការគ្រឿងឧបភោគបរិភោគមួយចំនួនធំផងដែរ ដើម្បីជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ៕ សំ វិច្ឆិកា