នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការបង្ក្រាបជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នៃអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការដេញនិងបង្ក្រាបចាប់ជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់តូច និងម៉ូតូ១គ្រឿង។

ការដេញប្រផាប់ចាប់ប្រភៀងនេះបានធ្វើឡើង កាលពីម៉ោង៩និង៣៥នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវភ្នំពេញហាណូយ កែង១៩៧០ ជាប់និងការ៉ាសសាំងតេលា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលីសនិយាយថាជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់នោះ ១/ឈ្មោះ រើន រី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិដូង ឃុំតាំងចាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។

និង២/ឈ្មោះ ទ្រី ចាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់អូសរទេះបន្លែនៅផ្សារដើមគរ បច្ចុប្បន្នស្នាក់នៅជាមួយបងនៅក្រោយផ្សារឈូកមាស ក្នុងភូមិក្រាំងអង្ក្រង សង្កាតក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិត្រពាំង​តាគៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

យោងតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី កំពុងតែល្បាតនៅចំណុចមុខផ្សារឈូកមាស ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលរដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខជិះតាមផ្លូវលខ២០១១ ទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយលុះមកដល់ចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចបានឲ្យជនសង្ស័យទាំង២នាក់ឈប់និងបានឆែកឆេរទៅលើខ្លួនប្រាណក៏បានប្រទះឃើញម្សៅក្រាមសថ្លាប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូចនិងម៉ូតូ១គ្រឿងនិងបានឃាត់ខ្លួនភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យទាំ២នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសួនាំនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print