ក្រុមភេរវកម្ម IS ដែលទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងទឹកដីស៊ីរីនិងអុឺរ៉ាក់ បានឡើងគម្រោង ជ្រើសរើសក្រុមឧទ្ទាម ដើម្បីបំពុលស្បៀងអាហារដែលលក់នៅតាមផ្សារទំនើបៗ ក្នុង ប្រទេស អាមេរិក អង់គ្លេសនិង ប្រទេសអឺរ៉ុប មួយចំនួនទៀត។
សារព័ត៌មាន Dailymail បានផ្សាយថា មេដឹកនាំក្រុមភេរវកម្ម IS បានជម្រុញឲ្យ ខ្មាន់កាំភ្លើងដែល គាំទ្រខ្លួនបង្កើនការវាយប្រហារនៅលើប្រទេសលោកខាងលិច ក្នុងនោះមានការបំពុលស្បៀងអាហារនៅតាមផ្សារទំនើប។
ក្រុមភេរវកម្ម IS បាន ត្រៀមលក្ខណះយ៉ាង ល្អិតល្អន់ ទៅលើគម្រោងខាងលើ។ កន្លងមកក្រុមភេរវកម្ម ធ្លាប់ បាន ស្រាវជ្រាវនឹងសាកល្បង ការបំពុល ទៅលើអ្នកទោសនៅអុឺរ៉ាក់ ប៉ុន្តែការបំពុលនោះត្រូវបាន រកឃើញក្រោយពេលទាហានអុឺរ៉ាក់វាយប្រហារដណ្តើមបានទីក្រុង មូសាល ពីដៃក្រុម IS ។
សារព័ត៌មាន ANSA របស់អីតាលីបានផ្សាយថា ពលរដ្ឋជាច្រើនបង្ហាញក្តីបារម្ភ ខ្លាចក្រុមភេរវកម្ម IS បំពុលស្បៀងអាហារ ជាទ្រង់ទ្រាយធំនៅប្រទេសតំបន់អឺរ៉ុប។ នេះមិនមែនជាលើកទីមួយឡើយដែលក្រុមIS ឡើងគម្រោង វាយប្រហារ ដោយបំពុល ប្រែក្លាយជា របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃទៅជាអាវុធសម្លាប់មនុស្ស។ កន្លងមកក្រុមភេរវកម្មបានប្រើប្រាស់ វិធីសាស្ត្រ ផ្សេងៗក្នុងការសម្លាប់មនុស្សនៅអឺរ៉ុប ក្នុងនោះមានការបើករថយន្តធុនធំ បុក លើហ្វូងមនុស្សធ្វើដំណើរជាដើម។
កាលពីខែមិថុនាកន្លងមកក្រុមក្រុម IS បានបើករថយន្ត បុកហ្វូងមនុស្ស ធ្វើដំណើរលើដងផ្លូវ ក្នុង តំបន់ Las Ramblas ក្នុងទីក្រុង បាសេឡូណា ប្រទេសអេស្បាញ សម្លាប់មនុស្ស ១៣នាក់ ។ កាលពីដើមសប្តាហ៍កន្លងមកនេះ ក្រុមភេរវកម្ម បានប្រើប្រាស់បណ្តាញសង្គម ក្នុងការ អូសទាញខ្មាន់កាំភ្លើងឲ្យចូលរួមក្រុមវាយប្រហាររបស់ខ្លួន។
ពាក់ព័ន្ធនិងការវាយប្រហារភេរវកម្មនៅអឺរ៉ុប បុរស២នាក់ ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃទី៦ខែកញ្ញា ក្រោយប៉ូលីសបានរកឃើញ ឧបករណ៍សម្រាប់ផលិតគ្រឿងផ្ទុះជាច្រើន នៅកន្លែងដែលពួកគេស្នាក់ នៅត្រង់តំបន់ភាគខាងត្បូង នៅជាយក្រុងទីក្រុងប៉ារីស ប្រទេសបារាំង។
ប្រតិបត្តិរបស់ក្រុមប៉ូលីសត្រូវបានចាប់ផ្តើមធ្វើឡើង នាពេលរសៀលថ្ងៃពុធម្សិលមិញ នៅក្នុងតំបន់សង្កាត់ Villejuif ហើយវាត្រូវបានបញ្ចប់ រហូតទៅដល់ល្ងាចថ្ងៃដដែល ដោយក្នុងនោះជនសង្ស័យម្នាក់ ក្នុងចំណោមនោះ គឺជាម្ចាស់អាផាតមិនអាយុ៣៦ឆ្នាំ ជនជាតិអាមេនី និងម្នាក់ទៀតជាជនជាតិទុយនេស៊ី អាយុ៤៧ឆ្នាំ។
ចរាចរណ៍នៅក្នុងតំបន់នោះ ត្រូវបានបិទជាបណ្តោះអាសន្ន ព្រមទាំងស្ថានីយរថភ្លើងមួយកន្លែងផងដែរ ហើយមនុស្សជាច្រើន ដែលស្ថិតនៅក្បែរអគារអផាតមិន កំពស់៤ជាន់ ត្រូវបានជន្លៀសចេញ ដើម្បីអនុញ្ញាតិឲ្យក្រុមប៉ូលីស អាចចូលទៅធ្វើការបោសសំអាត និងប្រមូលគ្រឿងផ្ទុះ ទាំងនោះចេញ៕
ដោយ៖ មែវ សាធី