ភ្នំពេញ: ដើម្បីពង្រឹងគុណភាពការងារគ្រប់ផ្នែកនៅក្នុងរដ្ឋបាលខណ្ឌអោយបានប្រសើរឡើងថែមទៀត លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានស្នើអោយមន្ត្រីជំនាញគ្រប់ការិយាល័យនិងមន្ត្រីក្រុមការងារក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវរួមគ្នាអនុវត្តភារកិច្ចដោយភាពទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៍ មានវិជ្ជាជីវៈ និងមានតម្លារភាព ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ការងារគ្រប់គ្រងសន្តិសុខសង្គមនៅតាមមូលដ្ឋាន ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ការងារបរិស្ថានអនាម័យ និង ការផ្តល់សេវ៉ាសុខភាពជូនប្រជាពលរដ្ឋ ។
ប្រសាសន៍ជុំរុញអោយមន្ត្រីក្រុមការងាររួមគ្នាអនុវត្តភារកិច្ចប្រកបដោយឆន្ទះនិងភាពទទួលខុសត្រូវនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខណ្ឌ , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកចៅសង្កាត់ ,នាយនប៉ុស្តិ៍ទាំង៨ , តែអវត្តមានខាងការិយាល័យភូមិបាល និងការិយាល័យពន្ធដា ព្រោះការិយាល័យជំនាញទាំង២នេះទទួលរងនូវការិះគន់ខ្លាំងៗពីមជ្ឈដ្ឋានប្រជាពលរដ្ឋរឿងយឺតយ៉ាវក្នុងការបំពេញឯកសារពាក់ព័ន្ធអចលនទ្រព្យ ។
មានប្រសាសន៍ណែនាំដល់មន្ត្រីក្រុមការងារនៅក្នុងកិច្ចប្រជុំ អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា បានស្នើអោយគណៈបញ្ជាការឯកភាពត្រូវពង្រឹងការការពារសន្តិសុខជូនប្រជាពលរដ្ឋតាំងពីថ្ងៃកាន់បិណ្ឌរហូតដល់ថ្ងៃភ្ជុំបិណ្ឌ ត្រូវចុះល្បាតជាប្រចាំដាក់កម្លាំងប្រចាំការនៅតាមវត្តអារាម តាមផ្លូវសាធារៈ និងនៅក្នុងមូលដ្ឋាន ។ បញ្ហាសំរាមនៅតាមទីសាធារណៈក៍ត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីរួមគ្នាថែរក្សាអនាម័យ និងបរិស្ថានអោយបានល្អប្រសើបំរើដល់សុខភាពរបស់ប្រជាពលរដ្ឋ ។
លោកអភិបាលបានបន្តថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅអោយបានប្រសើរឡើងថែមទៀតនោះយើងត្រូវតែរួមគ្នាធ្វើដោយមិនបន្ធូរដៃឡើយ ជំហានដំបូងយើងអនុវត្តនៅលើកំណាត់ផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ជំហានទី២ ចាប់ផ្តើមអនុវត្តពីសង្កាត់វាលស្បូវទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ជំហានទី៣ចាប់ផ្តើមពីផ្លូវបំបែកថៃហ្គ័រ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ ។
ចំពោះផ្លូវលេខ៣៦៩ ចាប់ពីតំបន់ច្រាំងបាក់ក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់វិហាឥស្លាមក្នុងសង្កាត់ព្រែកប្រានិងបើកយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅពេលខាងមុខ ដោយឡែកផ្លូវមួយចំនួនទៀតក្រុមការងារបានរៀបចំសណ្តាប់ជាបណ្តើរហើយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ។
ក្រៅណែនាំអោយពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម លោកអភិបាលខណ្ឌបានស្នើរ ការិយាល័យជំនាញពង្រឹងសេវ៉ាសាធារណៈ ជូនប្រជាពលរដ្ឋជាពិសេសខាងការិយាល័យភូមិបាល ដោយលោកអភិបាលសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ត្រូវបង្កើនភាពទទួលខុសត្រូវ ត្រូវកែសម្រួលយ៉ាងម៉េចអោយបានលឿនដើម្បីបំរើប្រជាពលរដ្ឋ ស្របទៅតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើអោយបាន ធ្វើអោយលឿន ធ្វើអោយមានតម្លារភាព ៕ សណ្តោស